(អាមេរិក)៖ ព្រះអាទិត្យបានស្ងប់ស្ងាត់មួយរយៈមកហើយ ចាប់តាំងពីមានសកម្មភាពកញ្ជ្រោល និងជះចេញនូវអណ្តាតភ្លើងលើកចុងក្រោយ កាលពីខែតុលា ឆ្នាំ២០១៧ ប៉ុន្តែតាមរយៈការអង្កេតនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) អណ្តាតភ្លើងដ៏ធំមួយ ទើបតែជះចេញពីផ្ទៃស្រទាប់លើនៃព្រះអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ Space នារសៀលថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។
អណ្តាតភ្លើងព្រះអាទិត្យត្រូវគេស្គាល់ថា ជាការផ្ទុះចេញនូវសារធាតុវិទ្យុសកម្មដ៏ខ្លាំងក្លា ចេញពីតំបន់ចំណុចខ្មៅនៃព្រះអាទិត្យ (sunspots) ដែលជាតំបន់ថយចុះកម្តៅមិនទៀតទាត់ ប៉ុន្តែមានកម្លាំងម៉ាញេទិចខ្លាំងក្លាទើបបង្កឲ្យមានការផ្ទុះ និងជះអណ្តាតភ្លើងចេញពី ស្រទាប់កូរ៉ូណា (Corona)។ ការជះចេញនូវអណ្តាតភ្លើងព្រះអាទិត្យ គឺត្រូវបានចែកចេញជា ០៣កម្រិតធំៗនោះគឺ C, M និង X ដោយ C ខ្លាំងជាង M រហូតដល់ ១០ដង និង M ខ្លាំងជាង X រហូតដល់ ១០ដង។
សម្រាប់ការជះចេញអណ្តាញភ្លើង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ គឺស្ថិតនៅក្នុងកម្រិត M ដែលជាកម្រិតខ្លាំងបង្គួរ ប៉ុន្តែកម្រិតនេះវាមិនអាចបង្កការគំរាមកំហែងអ្វី ទៅដល់ភពផែនដី ឬក៏អាចបង្កើតជាពន្លឺអូរ៉ូរ៉ា (Aurora) នៅប៉ូលខាងជើង ឬខាងត្បូងនោះឡើយ។ ទោះជាបែបនេះក្តី ការជះចេញនូវអណ្តាតភ្លើងលើនេះ គឺជាសញ្ញាបញ្ជាក់ថា ព្រះអាទិត្យបានវិលទៅរកភាពសកម្ម តាមវដ្តរដូវរបស់ខ្លួនឡើងវិញ នោះគឺការពុះកញ្ជ្រោលផ្ទៃស្រទាប់លើរាល់ ១១ឆ្នាំម្តង ដែលកាលពីមួយរយៈមុននេះ អ្នកវិទ្យាសាស្ត្រមួយចំនួនបានគិតថា វាលែងកើតមានទៅហើយនោះ៕