(ញូដេលី)៖ ទោះបីការបិទប្រទេសនៅតែបន្តក៏ដោយ ប៉ុន្តែករណីឆ្លង និងស្លាប់នៅឥណ្ឌាហាក់ដូចជាគ្មានការថមថយបន្តិចសោះ ហើយថែមទាំងកើនឡើងជាលំដាប់ទៀត ដោយក្នុងរបាយការណ៍សម្រាប់ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០នេះតែម្តងអាជ្ញាធរសុខាភិបាលប្រទេសអាស៊ីខាងត្បូងមួយនេះ បានប្រកាសពីរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗប្រមាណ ៧,៩៦៤នាក់ និងអ្នកជំងឺស្លាប់ ២៦៥នាក់បន្ថែមទៀតក្នុងពេលតែមួយថ្ងៃ ដែលជាអត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បូកបន្ថែមតួលេខថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅឥណ្ឌាកើនឡើងដល់ ១៧៣,៧៦៣ករណី ក្នុងនោះអ្នកស្លាប់សរុបកើនដល់ ៤,៩៧១នាក់ និងជាសះស្បើយឡើងវិញកើនដល់ ៨២,៣៧០នាក់ ខណៈអ្នកជំងឺ ៨៦,៤២២នាក់បន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានានៅទូទាំងប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃអាទិត្យស្អែកនេះ ឥណ្ឌានឹងឈានដល់ពេលកំណត់នៃការបិទប្រទេសហើយ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើរដ្ឋាភិបាលនឹងអូសបន្លាយពេលបន្តទៀត ដែរឬមួយក៏យ៉ាងណានោះឡើយ ខណៈស្ថានការណ៍នៅចំពោះមុខ គឺការរាតត្បាតជំងឺ COVID-19 គ្មានសភាពធូរស្រាយបន្តិចសោះ៕