(ម៉ាល់ឌីវ)៖ យោងតាមទិន្នន័យពីអាជ្ញាធរសុខាភិបាល នៃប្រទេសដីកោះម៉ាល់ឌីវបានឲ្យដឹងថា ចំនួនករណីឆ្លង COVID-19 នៅក្នុងដែនដីកោះដ៏តូចមួយនេះ បានកើនឡើងដល់ ១,៥៩១ករណីហើយ គិតត្រឹមថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
ករណីឆ្លងថ្មីចំនួន ៤៤ករណី ត្រូវបានបូកបន្ថែមនៅថ្ងៃសៅរ៍នេះ ដោយក្នុងនោះមាន ១៣នាក់ជាប្រជាជនម៉ាល់ឌីវ និង ២៩នាក់ជាជនជាតិបង់ក្លាដែស ខណៈ ០២នាក់ផ្សេងទៀតជាជនជាតិឥណ្ឌា។ ទោះជាយ៉ាងណា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា អាជ្ញាធរសុខាភិបាលម៉ាល់ឌីវ បានសម្រេចលុបចោលវិធានការរឹតត្បិតលើការធ្វើដំណើររវាងកោះ ដែលមិនមានការផ្ទុះឡើងជាចង្កោមនៃជំងឺ COVID-19។
វិធានការបិទទ្វារប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺរាតត្បាតសកល COVID-19 ត្រូវបានអាជ្ញាធរប្រទេសនេះដាក់លើតំបន់រដ្ឋធានី ម៉ាល់ (Male) ចាប់តាំងពីថ្ងៃទី ១៥ ខែមេសាមកម្ល៉េះ ហើយត្រូវបានពន្យារ ០២សប្តាហ៍បន្ថែមទៀត ជាមួយនឹងការបន្ធូរបន្ថយបន្តិចបន្តួចមកវិញ ដើម្បីឲ្យសកម្មភាពសេដ្ឋកិច្ចរស់ឡើងវិញ។
គួរជម្រាបថា ប្រទេសដែលមានចំនួនប្រជាជនប្រមាណជាង ៥.៤សែននាក់នេះ រហូតមកទល់នឹងពេលបច្ចុប្បន្នមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ចំនួន ០៥នាក់ និងជាសះស្បើយ ២៤២នាក់ ក្នុងចំណោមករណីឆ្លងសរុបទាំង ១,៥៩១ករណីខាងលើ។ ម៉ាល់ឌីវត្រូវបានចាត់ទុកជាឋានសួគ៌ទេសចរមួយ ដែលមានទីតាំងស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ជាមួយនិងផ្ទៃក្រឡាសរុប ២៩៨គីឡូម៉ែត្រក្រឡា ដោយបូកបញ្ចូលគ្នារវាងកោះតូចធំ និងថ្មប៉ប្រះទឹកសរុប ១,១៩២ទីតាំង៕