(បរទេស)៖ នៅពេលពិភពលោកក្រឡេកមកកាន់ទ្វីបអាស៊ី ដើម្បីមើលឧទាហរណ៍គំរូ ក្នុងការចាត់វិធានការឆ្លើយតប ចំពោះការរាតត្បាតជំងឺ COVID-19 បានទាន់ពេល ភាគច្រើនសំឡឹងឃើញតែប្រទេសកូរ៉េខាងត្បូង កោះតៃវ៉ាន់ និងទីក្រុងហុងកុងរបស់ចិនប៉ុណ្ណោះ ដោយភាពជោគជ័យក្នុងប្រទេសមួយទៀតត្រូវបានមើលរំលង នោះគឺវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។
បើសំដៅទៅលើដង់ស៊ីតេប្រជាជន វៀតណាមមានប្រជាជនដល់ទៅ ៩៧លាននាក់ និងផ្ទៃដីមិនធំប៉ុន្មានឡើយ ក៏ប៉ុន្តែអាចរក្សាករណីឆ្លងឲ្យនៅកម្រិតមួយយ៉ាងទាបគឺត្រឹម ៣២៨នាក់គិតត្រឹមថ្ងៃសៅរ៍នេះ ហើយអ្វីដែលគួរឲ្យកត់សម្គាល់បំផុតថែមទៀតនោះ ពុំមានអ្នកជំងឺ COVID-19 ណាម្នាក់បានស្លាប់ឡើយ នៅក្នុងប្រទេសអាស៊ានមួយនេះ។ វាអាចត្រូវបានចាត់ទុកថា ជាការសម្រេចបានជោគជ័យធំមួយសម្រាប់វៀតណាម ដ្បិតប្រទេសអាស៊ានមួយនេះមានព្រំប្រទល់ជាប់នឹងចិន ហើយមានទេសចរ ចិនចូលទៅលេងរាប់លាននាក់ក្នុងមួយឆ្នាំៗ ហើយគឺជាប្រទេសមួយដែលមានចំណូលមធ្យមកម្រិតទាប និងមានប្រព័ន្ធសុខាភិបាលពុំសូវទំនើប ដូចប្រទេសផ្សេងទៀតៗនៅអាស៊ីនោះទេ។
យោងតាមក្រុមអ្នកជំនាញផ្នែកសុខាភិបាល ចម្លើយសម្រាប់ភាពជោគជ័យរបស់វៀតណាម គឺអាស្រ័យលើកត្តារួមជាច្រើន មានចាប់តាំងពីការចាត់វិធានការឆ្លើយតបយ៉ាងឆាប់រហ័ស និងទាន់ពេលវេលារបស់រដ្ឋាភិបាលវៀតណាម រហូតដល់ប្រព័ន្ធនៃការស្វែងរកអ្នកជាប់ពាក់ព័ន្ធ ជាមួយអ្នកឆ្លងជំងឺ និងការធ្វើចត្តាឡីស័ក (ការដាក់ឲ្យនៅដាច់ដោយឡែក) ដែលប្រកបដោយភាពហ្មត់ចត់ និងរឹងរ៉ឹង ព្រមទាំងការជូនដំណឹងផ្នែកទំនាក់ទំនងជាមួយមហាជន ដែលមានប្រសិទ្ធភាពខ្ពស់។
គួរជម្រាបថា មួយវិញទៀតនោះ គឺបទពិសោធន៍របស់វៀតណាម ដែលបានឆ្លងកាត់ការផ្ទុះរាលដាលនៃជំងឺឆ្លងនាពេលកន្លងមក ដូចជា ជំងឺ SARS និងជំងឺគ្រុនផ្តាសាយបក្សី ជាដើម ដែលវាបានជួយរដ្ឋាភិបាលនិងប្រជាជនវៀតណាម ចេះត្រៀមខ្លួនបានល្អ សម្រាប់ការរាតត្បាតនៃ COVID-19។
ប្រជាជនវៀតណាមត្រូវអ្នកជំនាញផ្នែកសុខាភិបាលមើលឃើញថា បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការទប់ស្កាត់ការរាលដាលរបស់ COVID-19 ដោយពួកគេ បើធៀបជាមួយប្រទេសអ្នកមានៗ ឬក៏ប្រទេសដែលមិនសូវជួបប្រទះជំងឺឆ្លង តួយ៉ាងដូចជាអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាដើមនោះ គឺមានការកោតញញើតខ្លាំងចំពោះជំងឺឆ្លងទាំងឡាយ និងទទួលស្គាល់ភាពគ្រោះថ្នាក់របស់ពួកវា។ និយាយរួមទៅ គឺប្រជាជនវៀតណាមយល់ច្បាស់ថា វាជារឿងធ្ងន់ធ្ងរ ដូច្នេះគឺត្រូវគោរពតាមគោលការណ៍ណែនាំនានារបស់រដ្ឋាភិបាល ដែលសំដៅទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19។
គួរបញ្ជាក់ថា សម្រាប់ប្រទេសទាំង ១០ នៅតំបន់អាស៊ានគឺអាចចាត់ទុកបានថា ឡាវ កម្ពុជា មីយ៉ាន់ម៉ា ប្រ៊ុយណេ និងវៀតណាមរងគ្រោះតិចតួចជាងគេបំផុត ដោយសារតែករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ខណៈប្រទេសដែលកំពុងរងគ្រោះខ្លាំងជាងគេវិញ គឺមានសិង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីន ប៉ុន្តែសិង្ហបុរីទោះបីជាឈរនៅលេខ ១ នៃករណីឆ្លងមែន តែករណីស្លាប់នៅប្រទេសនេះមានកម្រិតទាបបំផុត ខណៈឥណ្ឌូណេស៊ីទើបជាប្រទេសមានអ្នកស្លាប់ច្រើនបំផុត ដោយសារតែ COVID-19 តាមពីក្រោយដោយហ្វីលីពីន៕