(វ៉ាស៊ីនតោន)៖ ក្នុងសប្តាហ៍នេះ បាតុកម្មទាំងហិង្សានិងអហិង្សា បាននិងកំពុងកើតមានឡើងនៅតំបន់ជាច្រើននៃសហរដ្ឋអាមេរិក បន្ទាប់ពីលោក George Floyd ដែលជាពលរដ្ឋអាមេរិកស្បែកខ្មៅម្នាក់ បានស្លាប់កាលពីថ្ងៃចន្ទ បន្ទាប់ពីត្រូវប៉ូលិសនៃទីក្រុង Minneapolis យក ជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ ពេលកំពុងស្ថិតក្រោមការឃាត់ខ្លួន បើទោះបីជាលោក Floyd បានអង្វរករថា ពិបាកដកដង្ហើមយ៉ាងណា ក៏ដោយ។
ហេតុការណ៍ខាងលើ ដែលត្រូវថតបានជាក់ស្តែងដោយវីដេអូថែមទៀតនោះ ក៏បង្កឲ្យប្រជាជនអាមេរិក ជាពិសេសសហគមន៍ ពលរដ្ឋស្បែកខ្មៅអាមេរិក នាំគ្នាធ្វើបាតុកម្មតវ៉ាដើម្បីសម្តែងការខឹងសម្បារ ក៏ដូចជាទាមទាររកយុត្តិធម៌សម្រាប់លោក Floyd។ ប៉ូលិសសរុប០៤នាក់ ដែលពាក់ព័ន្ធករណីនោះ ត្រូវបានបញ្ឈប់ពីការងារ ខណៈម្នាក់ដែលបានយកជង្គង់សង្កត់កលោក Floyd ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ជាផ្លូវការពីបទឃាតកម្ម និងមនុស្សឃាត។
គួរជម្រាបថា ភាពវឹកវរដែលកំពុងកើតឡើងនៅសហរដ្ឋអាមេរិកនាពេលនេះ បានធ្វើឲ្យមនុស្សភាគច្រើននឹកឃើញពីស្ថានការណ៍ ស្រៀងគ្នាមួយចំនួន ដែលធ្លាប់បានកើតឡើងអំឡុងរយៈពេលមួយទសវត្សរ៍កន្លងមក៖
* ទីក្រុង Ferguson នៃរដ្ឋ Missouri ឆ្នាំ២០១៤
នៅខែសីហា ឆ្នាំ២០១៤ ហេតុការណ៍បាញ់សម្លាប់យុវជនស្បែកខ្មៅវ័យត្រឹម១៨ឆ្នាំម្នាក់ឈ្មោះ Michael Brown ដោយប៉ូលិសនៃ ទីក្រុង Ferguson រដ្ឋ Missouri បានបង្កឲ្យមានភាពចលាចល និងអំពើហិង្សាយ៉ាងកក្រើកជាច្រើនថ្ងៃ នៅទូទាំងទីក្រុងនេះ រហូត ឈានទៅ ដល់មានការចាប់ខ្លួនមនុស្សរាប់រយនាក់ និងការដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈយ៉ាងអាក្រក់។
យុវជន Michael Brown ដែលពុំមានអាវុធអ្វីទាំងអស់នៅក្នុងដៃ ត្រូវបានប៉ូលិសអាមេរិកស្បែកសឈ្មោះ Darren Wilson បាញ់ ឲ្យ ស្លាប់។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ហេតុការណ៍បានកើតឡើង នៅពេលលោក Wilson ព្យាយាមសាកសួរយុវជន Brown ក្រោយមានករណីចោរប្លន់នៅហាងមួយកន្លែងក្បែរនោះ។ ទោះបែបនេះក្តី លោក Wilson មិនត្រូវបានចោទប្រកាន់អ្វីទាំងអស់។
* ទីក្រុង Baltimore នៃរដ្ឋ Maryland ឆ្នាំ២០១៥
ហេតុការណ៍ស្រដៀងគ្នា បានកើតមានឡើងនៅទីក្រុង Baltimore នៃរដ្ឋ Maryland កាលពីខែមេសា ឆ្នាំ២០១៥ នៅពេលប៉ូលិស នៃទីក្រុងនេះ បានចាប់ខ្លួនបុរសស្បែកខ្មៅម្នាក់ឈ្មោះ Freddie Gray ដោយហិង្សា។ បុរសស្បែកខ្មៅវ័យ២៥ឆ្នាំរូបនោះ បាន សន្លប់បាត់ស្មារតីក្រោយរងរបួសធ្ងន់ចំឆ្អឹងខ្នងនិងកញ្ចឹងក កំឡុងពេលត្រូវគេដឹកក្នុងរថយន្តប៉ូលិសមួយគ្រឿង ហើយក៏បានស្លាប់នៅមួយសប្តាហ៍ ក្រោយមក។
ការបាត់បង់ជីវិតរបស់លោក Gray បានធ្វើឲ្យទីក្រុង Baltimore ទាំងមូល ធ្លាក់ក្នុងភាពវឹកវរ ដោយអំពើហិង្សាបានផ្ទុះឡើង ដែល ធ្វើឲ្យមន្រ្តីប៉ូលិសជាច្រើននាក់បានរងរបួស ហើយមនុស្សប្រមាណជា២០០នាក់ ត្រូវបានចាប់ខ្លួន ខណៈរថយន្តរាប់សិបគ្រឿង ត្រូវបានដុតបំផ្លាញ រីឯអាជីវកម្មក្នុងទីក្រុងបានរងការខូចខាត។ ដោយឡែក ក្រុមប៉ូលិសដែលពាក់ព័ន្ធការស្លាប់របស់លោក Gray ដ្បិតត្រូវបានចោទប្រកាន់ផ្លូវការមែន ប៉ុន្តែមួយឆ្នាំក្រោយមក ពួកគេទាំងអស់ក៏បានរួចខ្លួនវិញ។
* ទីក្រុង Charlotte នៃរដ្ឋ North Carolina ឆ្នាំ២០១៦
នៅខែកញ្ញា ឆ្នាំ២០១៦ បុរសជាពលរដ្ឋអាមេរិកស្បែកខ្មៅឈ្មោះ Keith Lamont Scott អាយុ៤៣ឆ្នាំ ត្រូវបានប៉ូលិសម្នាក់បាញ់ឲ្យ ស្លាប់ នៅទីក្រុង Charlotte នៃរដ្ឋ North Carolina។ ប៉ូលិសម្នាក់នោះ ក៏ជាពលរដ្ឋអាមេរិកស្បែកខ្មៅដែរ ឈ្មោះ Bretley Vinson ដែលបាននិយាយថា លោក Scott មិនព្រមធ្វើតាមការបង្គាប់របស់ប៉ូលិស ហើយទម្លាក់អាវុធដែលនៅជាប់ខ្លួន នៅពេលប៉ូលិស ប្រទះឃើញ។ យ៉ាងណាមិញ ខាងគ្រួសារលោក Scott បានច្រានចោលការអះអាងរបស់លោក Vinson ដោយថា រៀងរ៉ាវពិតគឺ មិនដូច្នោះឡើយ ហើយក៏មានវីដេអូលើអ៉ីនធើណែតជាភស្តុតាងដែរ។
ក្រោយការស្លាប់របស់លោក Scott ក្រុមបាតុករបាននាំគ្នាកាន់ផ្ទាំងក្រដាសដែលសរសេរថា «ជីវិតជនស្បែកខ្មៅក៏សំខាន់ដែរ» ធ្វើបាតុកម្មនៅទីក្រុង Charlotte អស់រយៈពេលប៉ុន្មានយប់ជាប់គ្នា ដោយថែមទាំងមានការចោលដបនិងដុំថ្មលើប៉ូលិស ទៀតផង ជាហេតុធ្វើឲ្យខាងប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែកតបតមកវិញ។ កំឡុងពេលនោះ មនុស្សមួយចំនួនត្រូវបានចាប់ខ្លួន ខណៈមនុស្សម្នាក់ត្រូវបានជនស៊ីវិលម្នាក់ទៀតបាញ់ចំក្បាលបណ្តាលឲ្យស្លាប់។ សម្រាប់លោក Vinson គឺមិនត្រូវបានចោទ ប្រកាន់នោះទេ ដោយតុលាការអាមេរិកបានសម្រេចសេចក្តីថា អ្វីដែលលោក Vinson បានធ្វើ គឺត្រឹមត្រូវតាមច្បាប់។
គួរជម្រាបថា សម្រាប់ស្ថានការណ៍បច្ចុប្បន្នវិញ គឺបាតុកម្មបានផ្ទុះឡើងអស់រយៈពេល៤ថ្ងៃមកហើយ ក្នុងសប្តាហ៍នេះ ដែលវា បានចាប់ផ្តើមដំបូងនៅទីក្រុងកើតហេតុផ្ទាល់គឺ Minneapolis ព្រមទាំងនៅទីក្រុង Saint Paul ហើយបានរាលដាលដល់ទីក្រុងធំៗ របស់អាមេរិកមួយចំនួនទៀត រួមមានទាំង Atlanta, New York City, និង Washington DC។ ខណៈបាតុកម្មជាច្រើនបានធ្វើឡើង ដោយសន្តិវិធី សកម្មភាពតវ៉ាខ្លះបានបានប្រែក្លាយទៅជាអំពើហិង្សាយ៉ាងអាក្រក់ ដល់ថ្នាក់មានការវាយកម្ទេចនិងដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ៕