(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃចន្ទនេះ បានបញ្ចេញមតិពាក់ព័ន្ធនឹងភាពវឹកវរដែលកំពុងកើតឡើង នៅសហរដ្ឋអាមេរិក ក្រោយការបាត់បង់ជីវិតបុរសជាពលរដ្ឋអាមេរិកស្បែកខ្មៅម្នាក់ ក្រោមស្នាដៃប៉ូលិសនៅឯរដ្ឋ Minnesota កាលពីដើមសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីស្ថានីយទូរទស្សន៍ CNN នៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយដូច្នេះថា «យើងកំពុងតាមដានការវិវឌ្ឍន៍ស្ថានការណ៍ជុំវិញ ការស្លាប់របស់លោក George Floyd ក៏ដូចជាចលនា Black Lives Matter ដែលប្រឆាំងការប្រើអំពើហិង្សាដោយរើសអើងមកលើ ជនជាតិស្បែកខ្មៅ ខណៈសិទ្ធិមនុស្សរបស់ពួកគេគឺគួរតែត្រូវបានការពារ»។
លោក Zhao បានបន្តថា «ការរើសអើសពូជសាសន៍-ពណ៌សម្បុរគឺជាជំងឺសង្គមមួយ នៅក្នុងសហរដ្ឋអាមេរិក ហើយអ្វីដែលបាន និងកំពុងកើតឡើងនាពេលនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញជាថ្មីម្តងទៀតថា មានបញ្ហាដ៏ធ្ងន់ធ្ងរមួយចំនួន ដែលគួរតែត្រូវដោះស្រាយជា បន្ទាន់ នោះគឺការរើសអើងពូជសាសន៍ និងការអនុវត្តច្បាប់ដោយហិង្សា ដែលប្រព្រឹត្តដោយប៉ូលិសអាមេរិក»។
អ្នកនាំពាក្យរដ្ឋាភិបាលចិនរូបនេះ បានបន្ថែមទៀតថា «យើងសង្ឃឹមរដ្ឋាភិបាលអាមេរិក នឹងចាត់វិធានការរឹងមាំជាក់ស្តែង ដើម្បី បំពេញកាតព្វកិច្ចរបស់ខ្លួន នៅក្រោមសន្ធិសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់ចោលសកម្មភាពរើសអើងពូជសាសន៍គ្រប់ទម្រង់»។
គួរជម្រាបថា ជាមួយគ្នានោះ លោក Zhao ក៏បានច្រានចោលនូវការអះអាងដោយមន្រ្តីអាមេរិកមួយចំនួន ដែលថាបរទេសរួមមាន ទាំងចិនផងដែរ បានចូលលូកដៃក្នុងបាតុកម្ម ដែលកំពុងបង្កភាពញ័ររញ្ជួយនៅទូទាំងសហរដ្ឋអាមេរិកនាពេលនេះ។ លោក Zhao បានគូសបញ្ជាក់ថា ចិនគ្មានគោលការណ៍ទៅជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងប្រទេសដទៃនោះទេ ហើយលោកសង្ឃឹមថា អ្នកនយោបាយអាមេរិកក៏គួរតែមានគោលការណ៍ដូចគ្នានេះដែរ គឺកុំចេះលូកដៃកិច្ចការផ្ទៃក្នុងប្រទេសដទៃ៕