(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថាលោកបាន និងកំពុងបញ្ជូនកងទ័ពប្រដាប់ដោយអាវុធធុនធ្ងន់ និងប៉ូលិសរាប់ពាន់នាក់ ដើម្បីទប់ស្កាត់បាតុកម្មតវ៉ាដ៏ហិង្សាយ៉ាងជោគជាំនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាទីដែលអគារ និងហាងទំនិញជាច្រើនរងការបំផ្លិចបំផ្លាញ នៅក្បែរសេតវិមាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ធ្វើការប្រកាសបែបនេះ នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ចំពេលដែលប៉ូលិស បាញ់ឧស្ម័នបង្ហូរបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ នៅតាមដងផ្លូវ នៅក្បែរសេតវិមានតែម្ដង។ លោក ត្រាំ បានលើកឡើងដូច្នេះថា៖ «អ្វីដែលបានកើតឡើងក្នុង រដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់មុន គឺជារឿងមិនអាចអត់ឱនឱ្យបាន...ខ្ញុំកំពុងបញ្ជូនកងទ័ពប្រដាប់អាវុធធុនធ្ងន់រាប់ពាន់នាក់, រួមទាំងយោធា និងកងកម្លាំង រក្សាសណ្ដាប់ធ្នាប់ ដើម្បីបញ្ឈប់កុបកម្ម, ការបំផ្លិចបំផ្លាញទ្រពសម្បត្តិ និងការវាយប្រហារលើអ្នកមិនដឹងអី»។
គួរបញ្ជាក់ថា គិតត្រឹមដើមសប្តាហ៍នេះ ជាងពាក់កណ្តាលនៃរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក សុទ្ធតែបានចល័តកងកម្លាំងឆ្មាំ ការពារជាតិប្រចាំរដ្ឋរបស់ពួកគេ ដើម្បីឆ្លើយតបចំពោះភាពចលាចលដែលបាននិងកំពុងកើតឡើង ស្ទើរតែនៅពាសពេញប្រទេស ក្រោយការស្លាប់របស់ពលរដ្ឋស្បែកខ្មៅអាមេរិកលោក George Floyd នៅទីក្រុង Minneapolis នៃរដ្ឋ Minnesota កាលពីសប្តាហ៍ កន្លងទៅ។ ចំណែកឯមនុស្សជាង៤,០០០នាក់ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួនផងដែរ ខណៈបច្ចុប្បន្នបាតុកម្មតវ៉ាបានក្លាយទៅជាកុបកម្មដ៏ហិង្សា៕