(ហ្សឺណែវ)៖ ក្រុមមន្រ្តីនៃអង្គការសុខភាពពិភពលោក WHO នាថ្ងៃចន្ទដើមសប្តាហ៍នេះ បាននិយាយថា COVID-19 មិនមានការប្រែប្រួលអ្វី នោះទេ មិនថាទាំងសមត្ថភាពនៃការឆ្លងរាតត្បាតរបស់វា ឬក៏កម្រិតនៃភាពធ្ងន់ធ្ងរដែលវាអាចបង្កឡើងនោះឡើយ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែបន្តព្យាយាម កាត់បន្ថយការឆ្លងរាលដាលនៃជំងឺនេះ ហើយខិតខំជួយសង្រ្គោះជីវិត អ្នកដែលបានឆ្លង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។
ឆ្លើយតបចំពោះសំណួរទាក់ទងការអះអាងរបស់វេជ្ជបណ្ឌិតមួយចំនួន ដែលថា COVID-19 ហាក់ លែងសូវមានឥទ្ធិពលទៀតហើយ ព្រោះវា បានបាត់បង់ ភាពកាចសាហាវ មន្រ្តីជាន់ខ្ពស់របស់ WHO លោកស្រី Maria Van Kerkhove ក៏បានលើកឡើងថា ការអះអាងនោះមិនពិតទេ។ យោងតាមការបកស្រាយរបស់លោកស្រី Kerkhove មានលក្ខណៈចំនួន២ ដែលត្រូវបានប្រើប្រាស់ដើម្បីវាស់ស្ទង់ពីភាពកាចសាហាវរបស់ COVID-19 តាំងតែពីដំបូងមក នោះគឺសមត្ថភាពនៃការចម្លង និងភាពធ្ងន់ធ្ងររបស់វា។
លោកស្រី Kerkhove បានបញ្ជាក់ថា លក្ខណៈទាំងពីរនេះរបស់ COVID-19 មកទល់បច្ចុប្បន្ន គឺនៅតែមិនមានការប្រែប្រួលអ្វីទាំងអស់។ ចំណែក លោក Michael Ryan ដែលជាមន្រ្តីជាន់ខ្ពស់ម្នាក់ទៀតរបស់ WHO បាននិយាយថា COVID-19 នៅតែជាជំងឺដ៏អាក្រក់ដែលអាចផ្តាច់ជីវិតមនុស្ស ដដែល ហើយសព្វថ្ងៃមនុស្សសរុបរាប់ពាន់នាក់ នៅតែស្លាប់ដោយសារវាជារៀងរាល់ថ្ងៃ ហេតុដូច្នេះយើងត្រូវតែរក្សាការប្រុងប្រយ័ត្ន ដោយ មិនអាចគិតថា នៅសុខៗស្រាប់តែជំងឺនេះសម្រេចចិត្តថយចុះភាពកាចសាហាវឡើយ ព្រោះវាមិនពិតនោះទេ។ លោកស្រី Kerkhove បាន អំពាវនាវឲ្យពិភពលោករួមគ្នាកាត់បន្ថយការរាតត្បាតរបស់ COVID-19 និងប្រឹងប្រែងជួយសង្រ្គោះជីវិតអ្នកជំងឺ ឲ្យអស់ពីលទ្ធភាព។
គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ មនុស្សសរុបជាង៦.៣លាននាក់ នៅជុំវិញពិភពលោកបានឆ្លង COVID-19 ក្នុងនោះជាង៣៧ម៉ឺននាក់ បានបាត់បង់ជីវិត និងជិត៣លាននាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ៕