(គូឡាឡាំពួរ)៖ កំឡុងវិធានការបិទប្រទេស ប្រជាកសិករនៅក្នុងតំបន់ Cameron Highlands នៃប្រទេសម៉ាឡេស៊ី បានប្រឈមមុខនឹងការចាក់ចោលបន្លែស្រស់ៗ របស់ ពួកគេដោយទទេទៅហើយ ដោយសារតែទីផ្សារជាច្រើនត្រូវបិទទ្វារ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ប៉ុន្តែ ជាសំណាងល្អ ការផ្លាស់ប្ដូរមធ្យោបាយ លក់ដូរតាមរយៈប្រព័ន្ធអនឡាញ បានធ្វើឱ្យពួកគេអាចទំនាក់ទំនងជាមួយអតិថិជនឡើងវិញ។
រដ្ឋាភិបាលម៉ាឡេស៊ី បានដាក់ចេញវិធានការបិទប្រទេសកាលពីខែមីនា ហើយបានអូសបន្លាយពេលរហូតដល់ថ្ងៃទី៩ ខែមិថុនានេះ សំដៅទប់ស្កាត់ COVID-19។ វិធានការនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅនៃប្រជាកសិករ មិនមែនតែនៅក្នុងប្រទេសម៉ាឡេស៊ីតែប៉ុណ្ណោះទេ ដោយប្រជាកសិករជាច្រើននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក៏រងផលប៉ះពាល់មិនតិចនោះទេ ដោយសារតែមិនអាចលក់ផលិតផលទៅឱ្យអតិថិជនតាមទម្លាប់ធម្មតានៅឯទីផ្សារដូចមុន។
ប្រឈមមុខនឹងវិបត្តិនេះ លោក Steve Teoh ដែលជាម្ចាស់ហាងលក់ផ្កា Deoness Plantation ក្នុងតំបន់ Cameron Highlands ស្ថិតនៅចំងាយ២០០គីឡូម៉ែត្រពី ភាគខាងជើងទីក្រុងគូឡាឡាំពួរ បានសម្រេចចិត្តលក់ផលិតផលរបស់ខ្លួនតាមប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុន Lazada មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី។ លោក Teoh បានគូសបញ្ជាក់ដូច្នេះថា៖ «នៅពេលដែលវិធានការបិទប្រទេសត្រូវបានដាក់ចេញ, ខ្ញុំស្ទើតែបោះចោលផ្ការបស់ខ្ញុំទាំងអស់ទៅហើយ ខណៈម្ចាស់ហាងផ្កាខ្លះទៀតសម្រេចចិត្ត បិទហាងតែម្ដង»។ តែជាសំណាងល្អ ខ្ញុំបានផ្លាស់ប្ដូរមធ្យោបាយលក់តាមប្រព័ន្ធអនឡាញវិញ។ បើគ្មានប្រព័ន្ធអនឡាញទេ ខ្ញុំប្រហែលជាត្រូវបោះចោលផ្កាទាំងអស់របស់ខ្ញុំ បាត់ទៅហើយ»។
ក្រៅពីលោក Steve Teoh ប្រជាកសិករ និងអ្នកនេសាទ ឬម្ចាស់ហាងលក់គ្រឿងសមុទ្រ នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងថៃជាដើម ក៏បានងាកមកលក់ផលិតផលឱ្យអតិថិជន តាមអឡាញផងដែរ ខណៈស្ថានការណ៍ COVID-19 នៅក្នុងតំបន់មិនទាន់ធូរស្រាលទាំងស្រុងនោះទេ។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Lazada មួយសប្ដាហ៍ដំបូងក្រោយវិធានការបិទប្រទេសត្រូវបានដាក់ចេញនៅក្នុងប្រទេសម៉ាឡេស៊ី បន្លែ១.៥តោន ត្រូវបានលក់នៅលើប្រព័ន្ធ អនឡាញរបស់ខ្លួន ខណៈអ្នកលក់ដូរដទៃទៀត កាន់តែច្រើនឡើងងាកមកប្រើមធ្យោបាយឌីជីថលរបស់ក្រុមហ៊ុនមួយនេះ៕