(ហុងកុង)៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នាថ្ងៃអង្គារនេះបានចោទសហរដ្ឋអាមេរិកថា «មានស្តង់ដាពីរ» ពាក់ព័ន្ធចំណាត់ការឆ្លើយតប ចំពោះការធ្វើបាតុកម្មដោយហិង្សា ដោយលោកស្រីចង់ប្រៀបធៀបរវាងបាតុកម្ម ដែលបានផ្ទុះឡើងនៅទីក្រុងហុងកុងកាលពីឆ្នាំមុន និងបាតុកម្មដែលកំពុងផ្ទុះឡើងស្ទើរពាសពេញសហរដ្ឋអាមេរិកនាពេលនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។
កាលពីឆ្នាំ២០១៩ ទីក្រុងហុងកុងបានធ្លាក់ក្នុងវិបត្តិបាតុកម្មទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនខែ ដែលអំឡុងពេលនោះមនុស្សច្រើនជាង ៩,០០០នាក់ត្រូវបានចាប់ខ្លួន ហើយសហរដ្ឋអាមេរិកបានចេញមុខរិះគន់ជាបន្តបន្ទាប់ ជុំវិញចំណាត់ការឆ្លើយតបរបស់ រដ្ឋបាលទីក្រុងហុងកុងចំពោះបាតុកម្ម ដែលពេលខ្លះមានផ្ទុះជាអំពើហិង្សាផងដែរនោះ។
នៅថ្ងៃអង្គារនេះ លោកស្រី Carrie Lam ក៏បានបញ្ចេញមតិ ទាក់ទងចំណាត់ការឆ្លើយតបរបស់រដ្ឋាភិបាលអាមេរិក ចំពោះបាតុកម្មប្រឆាំង ប្រឆាំងការរើសអើងពូជសាសន៍ ដែលកំពុងធ្វើឲ្យកក្រើកសហរដ្ឋអាមេរិក។ លោកស្រី Lam បាននិយាយដូច្នេះថា «ថ្មីៗនេះយើងទើបតែមើលឃើញ នូវការប្រកាន់យកស្តង់ដាពីរ។ ពួកយើងបានឃើញពីរបៀប ដែលអាមេរិកចេញចំណាត់ការប្រឆាំងនឹងកុប្បកម្ម ហើយកាលពីរឿងស្រដៀង គ្នានេះបានកើតឡើងនៅហុងកុង ពួកយើងក៏បានឃើញពីគោលជំហរ ដែលពួកគេបានប្រកាន់យកនាពេលនោះដែរ គឺវាខុសគ្នាដ្បិតចំពោះបញ្ហាតែមួយដូចគ្នាក៏ដោយ»។
គួរជម្រាបថា បាតុកម្មដ៏កក្រើកនៅសហរដ្ឋអាមេរិក បានផ្ទុះឡើងក្រោយការស្លាប់របស់លោក ចច ហ្វ្លយដ៍ (George Floyd) ជាពលរដ្ឋអាមេរិកស្បែកខ្មៅម្នាក់ ដែលត្រូវបានប៉ូលិសស្បែកសអាមេរិក យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ ពេលកំពុងឃាត់ខ្លួនរូបលោក។ កំឡុងការធ្វើបាតុកម្ម និងកុប្បកម្ម ប្រមាណជាមួយសប្តាហ៍កន្លងមកនេះ ដោយមានមានការបង្រ្កាបយ៉ាងចាស់ដៃពីអាជ្ញាធរអាមេរិក មនុស្សយ៉ាងតិច ៤,០០០នាក់ត្រូវបានចាប់ខ្លួន ហើយក៏មានករណីបាតុករបាត់បង់ជីវិតផងដែរ៕