(អាមេរិក)៖ មកទល់ពេលនេះបាតុកម្មតវ៉ានៅសហរដ្ឋអាមេរិក ដែលកើតឡើងក្រោយការស្លាប់របស់លោក George Floyd នៅតែកំពុងបន្ត អស់រយៈពេលប្រមាណមួយសប្តាហ៍មកហើយ។ យ៉ាងណាមិញ បាតុកម្មមិនបានប្រព្រឹត្តទៅដោយសន្តិវិធីត្រឹមត្រូវនោះទេ គឺវារួមមានទាំងការប្រើអំពើហិង្សាយ៉ាងសាហាវ វាយកម្ទេច-ដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងការឆក់ឱកាសគាស់ហាងជនស្លូតត្រង់ ដើម្បីលួចយកទំនិញថែមទៀត។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ថា ទ្រព្យសម្បត្តិ ព្រមទាំងអាជីវកម្មមួយចំនួនរបស់ប្រជាពលរដ្ឋខ្មែរនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ក៏បានរងការបំផ្លិចបំផ្លាញ ដោយសារតែព្យុះបាតុកម្មទាមទារយុត្តិធម៌នេះ។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិក ស្ថិតនៅឱ្យឆ្ងាយពីការជួបជុំ ឬប្រមូលផ្តុំនានា ទោះបីក្រោមរូបភាព ឬមូលហេតុអ្វីក៏ដោយ។ ស្ថានឯកអគ្គរាជទូត ក៏បានអំពាវនាវឱ្យកាត់បន្ថយការចេញទៅក្រៅផងដែរ។
ខាងក្រោមគឺជាទិដ្ឋភាពនៃបាតុកម្ម និងភាពវឹកវរនៅទីក្រុងឡុងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វរញ៉ា (California) របស់សហរដ្ឋអាមេរិក៖