(បាងកក)៖ បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត ១លាននាក់នៅក្នុងប្រទេសថៃ ទទួលបានការកោតសរសើរថាជា «ក្រុមវីរជន» នៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយ COVID-19 ខណៈប្រទេសអាស៊ីអាគ្នេយ៍កំពុងបន្ធូរបន្ថយវិធានការរឹតត្បិតនានាជាបណ្ដើរៗ ក្រោយមានមើលឃើញពីធ្លាក់ចុះករណីឆ្លង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។
លោកស្រី ស៊ូរិន ម៉ាក្រាទី (Surin Makradee) ជាបុគ្គលិកសុខាភិបាលស្ម័គ្រចិត្តម្នាក់ តែងតែដើរគោះទ្វារពីផ្ទះមួយទៅផ្ទះមួយ នៅក្នុងភូមិរបស់លោកស្រីគឺភូមិ សាលាដាង (Saladang) នៃខេត្តអង្គថុង (Ang Thong) ស្ថិតនៅចំងាយ ៩០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុងបាងកក ដើម្បីវាស់សីតុណ្ហភាពនៅក្នុងខ្លួនរបស់ប្រជាជនជារៀងរាល់ថ្ងៃ។ ស្ត្រីវ័យ ៧៧ឆ្នាំរូបនេះ បានលើកឡើងដូច្នេះថា «ខ្ញុំចាត់ទុកប្រជាជនក្នុងភូមិជាគ្រួសាររបស់ខ្ញុំ... ដូច្នេះបើខ្ញុំមិនបានអប់រំណែនាំពួកគាត់ទេ នោះពួកគាត់នឹងមិនដឹងឡើយអំពីហានិភ័យនៃការឆ្លង COVID-19»។
គួរជម្រាបថា លោកស្រី Surin Makradee ក៏នៅក្នុងជាបុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត ១លាននាក់ នៅទូទាំងប្រទេសដែលត្រូវបាន អង្គការសុខភាពពិភពលោក WHO កោតសរសើរថាជា «ក្រុមវីរជន» នៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយ COVID-19 ផងដែរ។ បើតាមគេហទំព័រ worldometers ថៃដែលជាប្រទេសបានរាយការណ៍ពីករណីឆ្លង COVID-19 មុនគេ នៅក្រៅប្រទេសកាលពីខែមករាកន្លងទៅ បច្ចុប្បន្មមានអ្នកឆ្លងជំងឺរាតត្បាតមួយ ៣,០៨៤នាក់ក្នុងនោះសា្លប់ ៥៨នាក់ និងជាសះស្បើយឡើងវិញ ២,៩៦៨នាក់៕