(មីននាផូលីស)៖ នៅទីបំផុតរដ្ឋអាជ្ញានៃរដ្ឋមីនីសូតា (Minnesota) នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានសម្រេចចោទប្រកាន់មន្ត្រីប៉ូលិសចំនួន ០៣នាក់ទៀតដែលមានជាប់ពាក់ព័ន្ធ ក្នុងការស្លាប់បុរសស្បែកខ្មៅលោក ចច ហ្វ្លយដ៍ (George Floyd) កាលពីសប្តាហ៍មុខ ខណៈការចោទប្រកាន់ដែលមានលក្ខណៈធ្ងន់ធ្ងរជាងនេះ ត្រូវបានប្តឹងប្រឆាំងនឹងមន្ត្រីថ្នាក់លើបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។
ការចាប់ខ្លួន និងការចោទប្រកាន់មន្ត្រីទាំងអស់ ដែលពាក់ព័ន្ធនឹងការស្លាប់របស់ Floyd ខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីមានការទាមទារឥតឈប់ឈរពីសំណាក់ក្រុមបាតុករ ដែលបានធ្វើបាតុកម្មតវ៉ានៅតាមទីក្រុងធំៗ ស្ទើរពាសពេញសហរដ្ឋអាមេរិក អស់រយៈពេល ០៩ថ្ងៃកន្លងមកហើយ ដើម្បីថ្កោលទោសអំពើព្រៃផ្សៃរបស់ប៉ូលីស និងទាមទារយុត្តិធម៌ជូនជនរងគ្រោះ។
លោក ធូ សាវ (Tou Thao) អាយុ ៣៤ ឆ្នាំ, លោក អេឡិចហ្សាដឺ ខឹង (Alexander Kueng) អាយុ ២៦ ឆ្នាំ និងលោក ថូម៉ាស ឡេន (Thomas Lane) អាយុ ៣៧ឆ្នាំ ដែលជាមន្ត្រីប៉ូលិសមានវត្តមាននៅកន្លែងកើតហេតុ ត្រូវបានចោទប្រកាន់ពីបទ ជួយជ្រោមជ្រែងករណីឧក្រិដ្ឋកម្ម និងអំពើឃាតកម្មកម្រិត២។
គួរជម្រាបថា ក្នុងចំណោមមន្រ្តីប៉ូលិស ០៤នាក់ ដែលពាក់ព័ន្ធក្នុងការស្លាប់របស់លោក George Floyd គឺម្នាក់ឈ្មោះ ឌែរិក ឆូវីន (Derek Chauvin) ដែលជាអ្នកយកជង្គង់សង្កត់កជនរងគ្រោះរហូតដល់ស្លាប់ ត្រូវបានអាជ្ញារធរសម្រេចចាប់ខ្លួន និងចោទប្រកាន់ជាផ្លូវការពីបទឃាតកម្មកម្រិតស្រាល និងពីបទមនុស្សឃាតដោយអចេតនា កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ៕