(ព្យុងយ៉ាង)៖ ប្អូនស្រីមេដឹកនាំកំពូលរបស់កូរ៉េខាងជើងបានព្រមានកូរ៉េខាងត្បូង ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ចូលទៅក្នុងតំបន់ព្រំដែនគ្មានយោធារវាងប្រទេសទាំងពីរ ពីសំណាក់អ្នកនយោបាយរត់ចោលជួរ ពុំដូច្នោះទេកិច្ចព្រមព្រៀងយោធាទ្វេភាគីថ្មីៗនេះ «នឹងត្រូវលុបចោល»។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។
លោកស្រី គីម យ៉ូចុង ដែលមានមុខងារក្រៅផ្លូវការ ជាប្រធានការិយាល័យរបស់លោក គីម ជុងអ៊ុន បានចេញមកព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះតែម្តង។ នាឱកាសនោះ ស្រ្តីដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើងរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើសកម្មភាពបង្កប់ចេតនាដ៏អាក្រក់ទាំងនេះ នៅតែបន្តកើតឡើងនៅចំពោះមុខយើង ក្រោមលេសនៃសេរីភាពរបស់បុគ្គល និងសេរីភាពនៃការបញ្ចេញមតិទៀត នោះអាជ្ញាធរកូរ៉េខាងត្បូងត្រូវតែប្រឈម នឹងចំណាត់ការតបវិញដ៏អាក្រក់បំផុតនាពេលឆាប់ៗ»។
ឆ្លើយតបនឹងការព្រមាននេះ លោក យ៉ូហ៍ សាងឃី (Yoh Sang-key) ដែលជាអ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរ របស់កូរ៉េខាងត្បូង បានអំពាវនាវឲ្យបញ្ឈប់ប្រតិបត្តិការចែកខិត្តប័ណ្ណ ស្របតាមការព្រមានរបស់កូរ៉េខាងជើង ថ្បិតថាសកម្មភាពបោះខិត្តប័ណ្ណចូលតំបន់ព្រំដែនទាំងនេះ បង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយកូរ៉េខាងជើង ហើយក៏អាចបង្កជាគ្រោះអន្តរាយ ដល់ទ្រព្យសម្បត្តិឯកជន និងបរិស្ថានផងដែរ។
គួរបញ្ជាក់តាម លោកស្រី គីម យ៉ូចុង បានព្រមានថា ប្រសិនបើអាជ្ញាធរកូរ៉ខាងត្បូង នៅតែបន្តអនុញ្ញាតឲ្យសកម្មភាពចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ដោយក្រុមអ្នកនយោបាយរត់ចោលជួរកើតមានឡើងទៀតនោះ ទីក្រុងព្យុងយ៉ាងអាចនឹងដកខ្លួន ចេញពី កិច្ចព្រមព្រៀងយោធាទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាគម្រោងបើកតំបន់ឧស្សាហកម្មកេសុង (Kaesong) ព្រមទាំងបិទការិយាល័យទំនាក់ទំនងរួមគ្នា នៅតំបន់ព្រំដែនខាងជើងទៀតផង៕