(ឡុងដ៍)៖ មនុស្ស ០៤នាក់ក្នុងនោះមានមនុស្សធំ ០៣ម្នាក់ និងក្មេងម្នាក់ត្រូវបានគេបាញ់ឲ្យរបួស នៅភាគខាងជើងទីក្រុងឡុងដ៍ កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ខណៈប៉ូលិសអង់គ្លេសកំពុងបើកការស៊ើបអង្កេត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។
ប៉ូលិសអង់គ្លេសបានឲ្យដឹងថា មានស្នូរកាំភ្លើងនៅក្នុងសង្កាត់ ប្រ៊ែនត៍ (Brent) ភាគខាងជើងទីក្រុងឡុងដ៍កាលពីវេលាម៉ោង ០៩៖៤៥នាទីយប់ថ្ងៃពុធ។ ពាក់ព័ន្ធនឹងករណីនេះ ប៉ូលិសអង់គ្លេសមិនបានចាប់ខ្លួនជនសង្ស័យណាមួយឡើយ ប៉ុន្តែបានស្នើឲ្យមានការស្វែងរកសាក្សីទាំងឡាយ ដែលប្រហែលជាបានប្រទះឃើញករណីបាញ់ប្រហារនេះ។
គួរជម្រាបថា ខាងប៉ូលិសក៏នឹងបង្កើនការល្បាតនៅតំបន់កើតហេតុខាងលើផងដែរ។ សម្រាប់ជនរងគ្រោះទាំង ០៤នាក់វិញ គឺត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយពេលកើតហេតុ៕