(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ជីម ម៉ាត់ទីស (Jim Mattis) នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានស្តីបន្ទោសប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាជាប្រធានាធិបតីខ្វះភាពចាស់ទុំ និងភាពជាអ្នកដឹកនាំ ក្នុងការដោះស្រាយបញ្ហាបាតុកម្មដែលកំពុងផ្ទុះរីករាលពាសពេញប្រទេស។ មិនតែប៉ុណ្ណោះអតីតរដ្ឋមន្ត្រីអាមេរិករូបនេះ ថែមទាំងបានចោទប្រកាន់លោក ត្រាំ ទៀតថា កំពុងតែព្យាយាមពុះជ្រៀកសង្គមអាមេរិកជាពីរទៀតផង។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។
លោក Mattis ដែលបានលាលែងចេញពីតំណែង ជារដ្ឋមន្ត្រីការពារជាតិអាមេរិកកាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ដោយសារតែមានការខ្វែងគំនិតគ្នាជាមួយលោក ដូណាល់ ត្រាំ ជុំវិញបទបញ្ជាដកកងទ័ពចេញពីទឹកដីស៊ីរី ក៏បានសម្តែងការគាំទ្រដល់ក្រុមបាតុករ ដែលកំពុងដុតរោលពាសពេញសហរដ្ឋអាមេរិក ដើម្បីប្រឆាំងតវ៉ានឹងការរើសអើងជាតិសាសន៍ផងដែរ។
អតីតប្រធានមន្ទីរបញ្ចកោណរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីអាមេរិកលើកដំបូងបំផុតនៅក្នុងជីវិតរបស់ខ្ញុំ ដែលមិនព្រមព្យាយាមបង្រួបបង្រួមប្រជាជនអាមេរិក សូម្បីតែតាមរយៈការសម្តែង។ តែផ្ទុយទៅវិញបែរជាព្យាយាមបំបែកបំបាក់ថែមទៀត»។ លោកបានសង្កត់ធ្ងន់ទៀតថា «យើងទាំងអស់គ្នាបានមើលលទ្ធផលជាងបីឆ្នាំមកហើយ នៃការដឹកនាំរបស់គាត់ (ដូណាល់ ត្រាំ) ដែលបង្ហាញថា មិនមានភាពចាស់ទុំក្នុងការដឹកនាំទាល់តែសោះ»។
គួរជម្រាបថា កំហឹងប្រជាពលរដ្ឋត្រូវបានឆាបឆេះ ជុំវិញការស្លាប់របស់ជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ក្រោមជង្គង់ប៉ូលិសស្បែកសមួយក្រុម ដែលទង្វើនេះត្រូវបានគេមើលឃើញថា ជាទង្វើរើសអើងពូជសាសន៍។ បាតុកម្មដំបូងឡើយ បានចាប់ផ្តើមដោយសន្តិវិធី ប៉ុន្តែមិនបានប៉ុន្មានក៏ប្រែក្លាយជាកុបកម្មយ៉ាងហិង្សា រវាងក្រុមអ្នកបាតុករ និងមន្ត្រីនគបាល ខណៈក្រុមឱកាសនិយមមួយចំនួនបានលួចទំនិញ និងដុតបំផ្លាញទ្រព្យសម្បត្តិយ៉ាងអាណាធិបតេយ្យ៕