(វ៉ាស៊ីនតោន)៖ ក្រោយពីបានរងការរិះគយ៉ាងចាស់ដៃ ពីសំណាក់អតីតរដ្ឋមន្ត្រការពារជាតិរបស់ខ្លួនរួចមក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានវាយបកទៅលើអតីតរដ្ឋមន្រ្តីរូបនោះវិញ គឺលោក ជីម ម៉ាត់ទីស (Jim Mattis) ថាជាឧត្តមសេនីយ៍មួយរូប ដែលមានភាពវង្វេងស្មារតីបំផុតនៅលើពិភពលោក ហើយមិនងាយនឹងកែឡើងទេ បើទោះបីជាមាន «ជីវិតថ្មី» ដែលបានផ្តល់ឲ្យដោយរូបលោកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។
តាមរយៈសំណេរនៅលើគណនី Twitter ផ្លូវការរបស់ខ្លួន លោក ដូណាល់ ត្រាំ បានវាយបកខ្លាំងៗទៅលោក Jim Mattis វិញយ៉ាងដូច្នេះថា «ទំនងអ្វីតែមួយគត់ដែលលោក បារ៉ាក់ អូបាម៉ា និងខ្ញុំមានគំនិតស្រដៀងគ្នានោះគឺយើងទាំងពីរនាក់មានភាពធូរស្បើយបំផុត ក្នុងការដកតំណែងលោក Jim Mattis ដែលជាឧត្តមសេនីយ៍មួយរូប មានភាពវង្វេងស្មារតីបំផុតនៅលើពិភពលោក។ ខ្ញុំបានស្នើសុំលិខិតលាលែងតំណែងពីគាត់ ដោយរូបខ្ញុំមានអារម្មណ៍ល្អណាស់។ រហស្សនាមរបស់គាត់គឺ «ភាពវឹកវរ» តែខ្ញុំមិនពេញចិត្តទេ ដោយខ្ញុំបានប្តូរវាទៅជា ឆ្កែឆ្កួត វិញ»។
ជាមួយគ្នានោះ ប្រធានាធិបតីរូបនេះបានសង្កត់ធ្ងន់ទៀតថា «…ខ្ញុំបានឲ្យជីវិតថ្មីដល់គាត់ ដើម្បីសាងភាពជោគជ័យក្នុងជីវិត។ ប៉ុន្តែគាត់មិនបានកែប្រែឲ្យប្រសើរឡើងទេ។ ខ្ញុំមិនចូលចិត្តភាពដឹករបស់គាត់ទេ ហើយមនុស្សជាច្រើនក៏បានឯកភាពដូចខ្ញុំដែរ។ រីករាយដែលគាត់បានចាកចេញ!»។
គួរជម្រាបថា ការវាយប្រហារដោយពាក្យសម្តីខ្លាំងៗទៅអតីតរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនបែបនេះ ពីសំណាក់លោកដូណាល់ ត្រាំ បានកើតឡើងបន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ បានស្តីបន្ទោសខ្លាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាជាប្រធានាធិបតីខ្វះភាពចាស់ទុំ និងភាពជាអ្នកដឹកនាំ ក្នុងការដោះស្រាយបញ្ហាបាតុកម្មដែលកំពុងផ្ទុះរីករាលពាសពេញប្រទេស។ មិនតែប៉ុណ្ណោះអតីតរដ្ឋមន្ត្រីអាមេរិករូបនេះ ថែមទាំងបានចោទប្រកាន់លោក ត្រាំ ទៀតថា កំពុងតែព្យាយាមពុះជ្រៀកសង្គមអាមេរិកជាពីរទៀតផង៕