(វ៉ាស៊ីនតោន)៖ បណ្ដាញទំនាក់ទំនងសង្គមមួយចំនួន ក្នុងនោះរួមមានទាំង Facebook បាន និងកំពុងប្រើប្រាស់វិធានការក្ដៅក្នុងការបង្ក្រាប និងលុបចោលការបង្ហោះ រូបភាពដែលមនុស្សមួយក្ដាប់តូច នាំគ្នាធ្វើត្រាប់តាមប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុង Minneapolis ឈ្មោះ Derek Chauvin ដែលបានយកជង្គង់សង្កត់កបុរសស្បែកខ្មៅ George Floyd រហូតដល់ដាច់ខ្យល់ស្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Post នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។
ការចាត់វិធានការរបស់ក្រុមហ៊ុនបណ្ដាទំនាក់ទំនងសង្គម ធ្វើឡើងក្រោយយុវជនបីនាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងចក្រភពអង់គ្លេស និងកំពុងត្រូវបានស៊ើបអង្កេតពីបទ ឧក្រិដ្ឋរើសអើសពូជសាសន៍ សម្រាប់ការបង្ហោះរូបភាពសើចចំអក (George Floyd Challenge) តាមរយៈការធ្វើត្រាប់តាមឡើងវិញនូវហេតុការណ៍ ដែលប៉ូលិស យកជង្គង់សង្កត់ក George Floyd រហូតដល់ដាច់ខ្យល់ស្លាប់។
ជុំវិញចំណាត់ការនេះដែរ ឆ្លើយតបទៅនឹងសំណួរសារព័ត៌មាន New York Post អ្នកនាំពាក្យក្រុមហ៊ុន Facebook បានគូសបញ្ជាក់ដូច្នេះថា៖ «យើងបានដឹងពីអ្វីដែល កំពុងកើតឡើង ហើយយើងកំពុងលុបចេញរូបភាព ឬការបង្ហោះទាំងឡាយណាដែលបំពានលើគោលការណ៍ស្ដង់ដាររបស់យើង»។
អ្នកនាំពាក្យរូបនេះក៏បានបន្ថែមដែរថា បច្ចុប្បន្ន Facebook និង Instagram កំពុងចាត់វិធានការលុបចោល ឬបិទរូបភាព George Floyd Challenge ដោយមិនឱ្យ រូបភាពទាំងនោះមើលឃើញតទៅទៀតនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន៕