(ម៉ាឌ្រីដ)៖ រដ្ឋមន្ត្រីទេសចរណ៍អេស្ប៉ាញ លោកស្រី រ៉េយ ម៉ារ៉ូតូ (Reyes Maroto) នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ប្រទេសរបស់លោកស្រី នឹងបើកព្រំដែនគោកឡើងវិញជាមួយប្រទេសបារាំង និងព័រទុយហ្គាល់ ចាប់ពីថ្ងៃទី២២ ខែមិថុនា ខាងមុខនេះតទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋាភិបាលអេស្ប៉ាញបានដាក់ចេញវិធានការបិទប្រទេស ក្នុងនោះរួមមានទាំងការបិទព្រំដែនគោក កាលពីពាក់កណ្ដាលខែមីនា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកស្រី Reyes Maroto ក៏បានបញ្ជាក់ដែរថា អេស្ប៉ាញអាចនឹងលុបចោលការធ្វើចត្តាឡីស័ក លើអ្នកដំណើរមកពីបារាំង និងព័រទុយហ្កាល់ ចូលមកក្នុងប្រទេសរបស់ខ្លួននៅពីក្រោយ ពោលគឺនៅពេលមានការអនុម័តយល់ព្រម ពីរដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ។ ក្រៅពីអេស្ប៉ាញ បណ្ដាប្រទេសជាច្រើននៅអឺរ៉ុបដូចជា បារាំង ព័រទុយហ្គាល់ និងអ៉ីតាលីជាដើម សុទ្ធតែបាននិងកំពុងបន្ធូរបន្ថយវិធានការរឹតត្បិត ក្រោយមើលឃើញពីសា្ថនការណ៍ធូរស្រាល នៃការឆ្លងរាតត្បាត COVID-19។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ អេស្ប៉ាញមានករណីឆ្លង COVID-19 សរុប ២៨៧,៤០៦ករណី ក្នុងនោះស្លាប់ ២៧,១២៨នាក់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនទាន់ត្រូវបានបញ្ជាក់៕