(តូក្យូ)៖ ប្រភពពីមន្រ្តីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ទីក្រុងតូក្យូនឹងផ្តល់ថវិកាចំនួន៣០០លានដុល្លារ ដល់អង្គការក្រៅរដ្ឋាភិបាល មួយ ដែលធ្វើការជាដៃគូអន្តរជាតិជាច្រើន រួមមានទាំងអង្គការសុខភាពពិភពលោក រដ្ឋាភិបាល និងវិស័យឯកជនផងដែរ ដើម្បី ជួយបង្កើនលទ្ធភាពបណ្តាប្រទេសអភិវឌ្ឍន៍ ក្នុងការទទួលបានវ៉ាក់សាំងនានា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។
អង្គការខាងលើគឺ Gavi, the Vaccine Alliance ដែលត្រូវបានបង្កើតឡើងដោយមូលនិធិ Bill & Melinda Gates Foundation របស់ កំពូលមហាសេដ្ឋីអាមេរិក លោក Bill Gates ព្រមទាំងភរិយា នឹងទទួលបានថវិកា៣០០លានដុល្លារពីជប៉ុន នៅឆ្នាំ២០២១ ដោយ ការផ្តល់នេះនឹងធ្វើឡើងសម្រាប់រយៈពេល០៥ឆ្នាំ (២០២១-២០២៥)។
សម្រាប់អំឡុងឆ្នាំ២០១៦-២០២០វិញ រដ្ឋាភិបាលជប៉ុនបានផ្តល់ត្រឹម៩៥លានដុល្លារដល់អង្គការ Vaccine Alliance។ អង្គការនេះ តាមរយៈការជួយជ្រោមជ្រែងពីអង្គការអន្តរជាតិ ដូចជា WHO, UNICEF និងធនាគារពិភពលោក ជាដើម ក៏ដូចជាតាមរយៈថវិកា ដែលត្រូវបានបរិច្ចាគពីបណ្តាប្រទេសនានា គឺបាននិងកំពុងជួយប្រទេសកំពុងអភិវឌ្ឍទទួលបានវ៉ាក់សាំងផ្សេងៗ ក្នុងតម្លៃធូរថ្លៃ។
គួរជម្រាបថា ពាក់ព័ន្ធជំងឺរាតត្បាតជាសកល COVID-19 វិញ អង្គការ Vaccine Alliance កំពុងផ្តល់ថវិកាទៅកាន់ ប្រព័ន្ធសុខាភិបាល ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ការពារបុគ្គលិកសុខាភិបាលរបស់ខ្លួន និងទិញឧបករណ៍ធ្វើតេស្តជាដើម៕