(ម៉ូស្គូ)៖ ស្ថានីយទូតរុស្ស៉ីប្រចាំនៅទីក្រុងដាម៉ាសបានឲ្យដឹងថា ប្រទេសរុស្ស៉ីទើបតែប្រគល់យន្តហោះចម្បាំង MiG-29 មួយឈុត ផ្សេងទៀតទៅកាន់ប្រទេសស៉ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។
ស្ថានទូតរុស្ស៉ីនៅស៉ីរីបានបង្ហោះសារនៅលើប្រព័ន្ធ Twitter កាលពីពេលថ្មីៗនេះថា «ប្រទេសស៉ីរីទើបទទួលបានយន្តហោះ ចម្បាំង MiG-29 ឈុតទីពីរពីប្រទេសរុស្ស៉ី នៅក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការយោធានិងបច្ចេកទេស រវាងប្រទេសយើង ទាំងពីរ។ ខាងយោធាស៉ីរីក៏បានចាប់ផ្តើមធ្វើប្រតិបត្តិការជាមួយយន្តហោះថ្មីនេះ នៅក្នុងដែនអាកាសរបស់ពួកគេផងដែរ»។
គួរជម្រាបថា កាលពីចុងខែឧសភា សហរដ្ឋអាមេរិកបានចោទរុស្ស៉ីថា បានចល័តយន្តហោះចម្បាំងរបស់ខ្លួន ទៅកាន់ស៉ីរីដើម្បី បន្តទៅកាន់ប្រទេសលីប៊ី ក្រោមគោលដៅជួយក្រុមទាហានស៉ីឈ្នួលរបស់រុស្ស៉ី ដែលប្រយុទ្ធឲ្យកងកម្លាំងយោធាលីប៊ីខាងកើត LNA ដែលកំពុងតទល់គ្នាជាមួយកងទ័ពរបស់រដ្ឋាភិបាលលីប៊ី ដែលមានមូលដ្ឋានរដ្ឋធានីទ្រីប៉ូលី៕