(គែរ)៖ អេហ្ស៊ីបបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 រហូតដល់ទៅ ១,១៥២នាក់ ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលនាំឲ្យចំនួនករណីឆ្លងជំងឺ នៅក្នុងប្រទេសដ៏ក្តៅហួតហែងនេះ សរុបកើនឡើងរហូតដល់ ២៩,៧៦៧ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។
ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គឺជាថ្ងៃទី៨ជាប់ៗគ្នាមកហើយ ដែលប្រទេសអេហ្ស៊ីប ជួបប្រទះអត្រាឆ្លងជំងឺ COVID-19 លើស ១,០០០នាក់ក្នុងមួយថ្ងៃបែបនេះ។ ដោយឡែកនៅថ្ងៃដដែលនោះ អ្នកជំងឺចំនួន ៣៨នាក់ទៀតក៏បានបាត់បង់ជីវិតផងដែរ ធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិតសរុបនៅប្រទេសអាហ្វ្រិកខាងជើងមួយនេះ កើនឡើងរហូតដល់ ១,១២៥នាក់។ បន្ថែមពីនេះអ្នកជំងឺ ៤០៦នាក់បន្ថែមទៀតបានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៧,៧៥៦នាក់។
គួរបញ្ជាក់ថា អេហ្ស៊ីបក៏ជាប្រទេសកំពូលមួយផងដែរនៅអាហ្វ្រិក ដែលមានករណីឆ្លង COVID-19 រហូតដល់ទៅរាប់ម៉ឺននាក់ បន្ទាប់ពីបានរកឃើញករណីឆ្លងដំបូងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ចាប់តាំងពីថ្ងៃទី២៥ ខែមីនា អាជ្ញាធរអេហ្ស៊ីបបានដាក់បំរាមគោចររយៈពេល ០៩ម៉ោងនៅពេលយប់៕