(វ៉ាស៊ីនតោន)៖ បាតុកម្មតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ ដែលកំពុងផ្ទុះឡើងទូទាំងសហរដ្ឋអាមេរិក ក្រោយបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ត្រូវបានប៉ូលិសស្បែកសអាមេរិកម្នាក់ក្នុងទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋ មីននីសូតា (Minnesota) យកជង្គង់សង្កត់ករហូតដល់ស្លាប់ ដោយសារការចោទប្រកាន់រឿងចាយលុយក្លែងក្លាយ ២០ដុល្លារបានបង្កឱ្យមានភាពរំជើបរំជួល និងការថ្កោលទោសពាសពេញពិភពលោក។
ប៉ុន្តែក្រុមអ្នកទស្សនា និងតាមដានស្ថានការណ៍នេះ យ៉ាងយកចិត្តទុកដាក់ជាងគេបំផុតនោះគឺចិន ដែលកំពុងប្រើប្រាស់ឱកាសនេះ វាយបកទៅលើសហរដ្ឋអាមេរិកវិញ ដែលកាលណោះទីក្រុងវ៉ាស៊ីនតោនបានគាំទ្របាតុកម្មតវ៉ា របស់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង កាលពីឆ្នាំ២០១៩ យ៉ាងពេញទំហឹង និងថែមទាំងបានថ្កោលទោសចិនទៀត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចុះផ្សាយរាល់ថ្ងៃមិនដាច់ពី អំពើហិង្សា, ភាពចលាចល និងការបង្រ្កាបក្រុមបាតុករដោយកងកម្លាំងប៉ូលិសអាមេរិក នៅលើក្របទំព័រមុខរបស់ខ្លួន ខណៈមន្ត្រីការទូតចិនជាច្រើននាក់ ចាប់ផ្ដើមបង្ហាញរូបភាពរបស់ចិន ក្នុងនាមជាមេដឹកនាំពិភពលោក ដែលឈរប្រកបដោយសាមគ្គីភាពជាមួយបណ្ដាប្រទេសដទៃ ក្នុងការថ្កោលទោសការរើសអើងពូជសាសន៍ និងភាពអយុត្តិធម៌នៅក្នុង សហរដ្ឋអាមេរិក។
បណ្តាញផ្សព្វផ្សាយចិនដ៏ធំមួយ នោះគឺទីភ្នាក់ងារព័ត៌មានស៊ីនហួរបានចាត់ទុកថា បាតុកម្មតវ៉ា និងភាពចលាចលនៅក្នុងសហរដ្ឋអាមេរិកជា «ទេសភាពដ៏ស្រស់ត្រកាល» ជាការឆ្លើយតបទៅនឹងប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ដែលបានចាត់ទុកបាតុកម្មតវ៉ារបស់ ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងហុងកុងកាលពីឆ្នាំ២០១៩ថាជា «ទស្សនីយភាពដ៏អស្ចារ្យ»។ ចំណែកឯនិពន្ធនាយកកាសែតរដ្ឋចិន Global Times លោក ហ៊ូ ស៊ីជីន (Hu Xijin) ក៏បានសរសេរនៅក្នុងអត្ថបទរបស់លោកផងដែរថា នៅពេលនេះអ្នកនយោបាយអាមេរិកអាចទស្សនាបានដោយរីករាយនូវ «ទេសភាពដ៏ស្រស់ត្រកាល» នៃបាតុកម្មតវ៉ាចេញពីបង្អួចផ្ទះរបស់ពួកគេ។
ចិនក៏ដូចជាថ្នាក់ដឹកនាំទីក្រុងហុងកុងបានចាត់ទុកថា កាយវិកា និងការឆ្លើយតបទៅនឹងភាពចលាចល និងអំពើហិង្សាដែលផ្ទុះឡើងនៅក្នុងបាតុកម្មរកយុត្តិធម៌ឱ្យ ចច ហ្វ្លយដ៍ (George Floyd) មានចរិកស្ដង់ដាពីរ។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ អភិបាលទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានចង្អុលមុខសហរដ្ឋអាមេរិកចំៗតែម្ដងថា «មានស្ដង់ដាពីរ»។ លោកស្រី ឡាំ បានលើកឡើងយ៉ាងដូច្នេះថា «អ្នកទាំងអស់គ្នា សុទ្ធតែបានដឹងថា មានកុបកម្មដ៏ហិង្សានៅក្នុងសហរដ្ឋអាមេរិក ហើយយើងក៏បានឃើញដែរ ពីវិធានការរបស់អាជ្ញាធរអាមេរិក។ ហុងកុងក៏ធ្លាប់មានកុបកម្មដ៏ហិង្សានេះដែរ ហើយយើងបានឃើញយ៉ាងច្បាស់ពីគោលជំហររបស់ពួកគេ នោះគឺស្ដង់ដាពីរ»។
គួរបញ្ជាក់ថា បាតុកម្មតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ បានផ្ទុះឡើងទូទាំងសហរដ្ឋអាមេរិក ក្រោយបុរសស្បែកខ្មៅ George Floyd ត្រូវបានប៉ូលិស ស្បែកសអាមេរិកម្នាក់ក្នុងទីក្រុង Minneapolis នៃរដ្ឋ Minnesota យកជង្គង់សង្កត់ករហូតដល់ស្លាប់ ដោយសារការចោទប្រកាន់រឿងចាយលុយក្លែងក្លាយចំនួន ២០ដុល្លារ កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ។ ប្រឈមមុខនឹងស្ថានការណ៍ចលាចលនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងដាក់ពង្រាយកងទ័ពអាមេរិក ទៅកាន់បណ្ដាទីក្រុង ឬរដ្ឋនៅក្នុងសហរដ្ឋអាមេរិក បើសិនជាអំពើហិង្សានៅតែបន្តផ្ទុះឡើង ហើយអាជ្ញាធររដ្ឋទាំងនោះមិនព្រមបង្ក្រាប៕
ប្រភព៖ BBC (ថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០)