(ហ្សេរុយសាឡឹម)៖ កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺពិតជាមានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពន្លឿនការផលិតវ៉ាក់សាក់ COVID-19 ដើម្បីជួយសង្រ្គោះជីវិតមនុស្ស នៅទូទាំងពិភពលោក ខណៈវ៉ាក់សាំង ១០ ក្នុងចំណោម ១៣០ ដែលកំពុងត្រូវបានអភិវឌ្ឍនោះ អាចមានសង្ឃឹមក្នុងការសង្គ្រោះពិភពលោក។ នេះបើតាមអ្នកជំនាញអ៉ីស្រាអែល ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។
លោកស្រី ឌីណា ប៊ិន យែហ៊ូដា (Dina Ben-Yehuda) ជានាយកមហាវិទ្យាល័យឱសថ នៃសាកលវិទ្យាល័យហេប្រ៊ូនៃទីក្រុងហ្សេរុយសាឡឹម (Hebrew University of Jerusalem) ធ្វើការកត់សម្គាល់ខាងលើ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ខណៈបណ្ដាប្រទេសជាច្រើននៅលើពិភពលោករួមទាំងអ៉ីស្រាអែល កំពុងបង្កើនការអភិវឌ្ឍ និងផលិតវ៉ាក់សាំង COVID-19។ ស្ថិតក្នុងឱកាសនោះ លោកស្រី Dina បានសង្កត់ធ្ងន់ដូច្នេះថា «យើងត្រូវការជាចាំបាច់នូវ កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជួយសង្រ្គោះពិភពលោកហើយខ្ញុំសង្ឃឹមថា នឹងមិនមាននរណាម្នាក់បំភ្លេច ឬមើលរំលងកិច្ចសហប្រតិបត្តិកនោះទេ»។
គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ បច្ចុប្បន្នវ៉ាក់សាំង COVID-19 ច្រើនជាង ១៣០ កំពុងស្ថិតនៅក្រោមការអភិវឌ្ឍ និងធ្វើតេស្ដសាកល្បងនៅជុំវិញពិភពលោក ហើយក្នុងនោះវ៉ាក់សាំងចំនួន ១០ ត្រូវបានគេមើលឃើញថា មានភាពជឿនលឿន និងកំពុងស្ថិតនៅក្រោមការវាយតម្លៃពីប្រសិទ្ធភាព និងសុវត្ថិភាព ប៉ុន្តែគេនៅមិនទាន់អាចកំណត់ពេលវេលាជាក់លាក់ ដែលអាចបញ្ចេញវ៉ាក់សាំងទាំងនោះ ជាផ្លូវការនៅឡើយទេ៕