(ញូយ៉ក)៖ ស្របពេលដែលបាតុកម្មនៅតែបន្តប្រព្រឹត្តនៅក្នុងសហរដ្ឋអាមេរិក ឃ្លីបវីដេអូមួយបានបង្ហាញឲ្យឃើញ ក្រុមប៉ូលិសដែលស្ថិតក្នុង សម្លៀកបំពាក់ប្រឆាំងកុបកម្មនៅឯទីក្រុង បាហ្វហ្វាឡូ (Buffalo) នៃរដ្ឋញូយ៉ក (New York) ច្រានបុរសវ័យចំណាស់ម្នាក់ឲ្យដួល ហើយក៏នាំគ្នាដើរហួសទៅបាត់តែម្តង ដោយមិនអើពើថា គាត់យ៉ាងម៉េចយ៉ាងម៉ានោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។
វីដេអូនោះគឺបានមកពីអ្នករាយការណ៍ ព័ត៌មានម្នាក់របស់ស្ថានីយវិទ្យុប្រចាំទីក្រុង Buffalo ផ្ទាល់ហៅថា WBFO ហើយក៏ត្រូវបានបង្ហោះនៅ លើវែបសាយ និងបណ្តាញសង្គមរបស់ស្ថានីយវិទ្យុ។ ក្នុងឃ្លីបនោះ គេឃើញបុរសវ័យចំណាស់ម្នាក់ ដើរទៅរកក្រុមប៉ូលិសហើយប៉ូលិស ម្នាក់ក៏បានយកដំបងរុញគាត់ ហើយម្នាក់ទៀតយកដៃច្រាន ក៏បណ្តាលឲ្យគាត់ដួលទៅលើកម្រាលថ្ម។ បុរសវ័យចំណាស់នោះ ទំនងជាដួលត្រូវក្បាល ព្រោះឃើញមានឈាមហូរចេញពីត្រចៀកគាត់។
យោងតាមទិដ្ឋភាពក្នុងឃ្លីបវីដេអូដដែល ក្រុមប៉ូលិសភាគច្រើនដើរហួសទៅដោយមិនខ្វល់អ្វីឡើយ។ ប៉ូលិសម្នាក់ដែលបានយកដំបងរុញ បុរសវ័យចំណាស់នោះប្រុងឱនទៅលើគាត់ដែរ ប៉ុន្តែត្រូវគ្នាម្នាក់ទៀតឃាត់ឲ្យដើរបន្តទៅមុខ។
គួរជម្រាបថា បើតាមអភិបាលក្រុង Buffalo បុរសវ័យចំណាស់ខាងលើអាយុ ៧៥ឆ្នាំ គាត់ត្រូវបានប៉ូលិសពីរនាក់រុញឲ្យដួល។ ឥឡូវស្ថានភាពគាត់គឺនឹងនរ ប៉ុន្តែកំពុងបន្តស្ថិតក្រោមការយកចិត្តទុកដាក់។ ចំណែកប៉ូលិស០២នាក់នោះ ត្រូវបានព្យួរការងារជាបណ្តោះអាសន្ន ហើយការស៊ើបអង្កេតក៏បានប្រព្រឹត្តទៅដែរ៕