(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋធានីវ៉ាស៉ីនតោន លោកស្រី មើរៀល បូវសឺ (Muriel Bowser) នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បាននិយាយថា លោកស្រីចង់ឲ្យកងកម្លាំងមកពីខាងក្រៅ ត្រូវដកចេញទៅវិញឲ្យអស់ ប៉ុន្តែអំណាចរបស់លោកស្រីមានកំណត់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។
មិនខុសពីទីក្រុងជាច្រើនផ្សេងទៀតឡើយនៅទូទាំងប្រទេស រដ្ឋធានីរបស់អាមេរិកផ្ទាល់ ក៏ត្រូវបានអង្រួនដោយការធ្វើបាតុកម្ម ជាងមួយសប្តាហ៍មកនេះដែរ ដើម្បីប្រឆាំងអំពើហិង្សារបស់ប៉ូលិស និងការរើសអើងពូជសាសន៍ ក្រោយការស្លាប់របស់លោក ចច ហ្វ្លយដ៍ (George Floyd) ជាបុរសស្បែកខ្មៅនៅទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋ មីននីសូតា (Minnesota) ដែលបានបាត់បង់ជីវិត ដោយសារប៉ូលិសស្បែកសយកជង្គង់សង្កត់ក។
លោកស្រី Bowser បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រីមិនមានបញ្ហានោះទេ ចំពោះការដែលកងឆ្មាំការពារជាតិរបស់ទីក្រុងវ៉ាស៉ីនតោនផ្ទាល់ ជាអ្នកចាត់ចែងជួយរក្សាសណ្តាប់ធ្នាប់ ប៉ុន្តែលោកស្រីកំពុងស្វែងរកមធ្យោបាយ ដើម្បីលុបចោលវិញនូវការដាក់ពង្រាយកងកម្លាំង (យោធាអាមេរិក) មកពីកន្លែងផ្សេង ដោយរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ។
គួរជម្រាបថា កងឆ្មាំការពារជាតិប្រហែល ៣,៣០០នាក់ កំពុងស្ថិតក្នុងរដ្ឋធានីវ៉ាស៉ីនតោនឌីស៉ី ឬកំពុងតែឆ្ពោះមកពីរដ្ឋផ្សេងទៀតរួមមាន ផ្លូរីដា (Florida), ឥណ្ឌាណា (Indiana), ម៉ារីលែនដ៍ (Maryland), មីសួរី (Missouri), មីស៊ីស៊ីពី (Mississippi), ញូជែស៊ី (New Jersey), អូហៃយ៉ូ (Ohio), សោតខារ៉ូលីណា (South Carolina), ធិនណែសស៊ី (Tennessee) និង យូតាហ៍ (Utah)៕