(វ៉ាស៊ីនតោន)៖ បន្ទាប់ពីមានភាពចម្រូងចម្រាស់អស់ជាច្រើនថ្ងៃមកនេះ នៅទីបំផុតក្រុមហ៊ុនយក្សអាមេរិក Google បានចេញសេចក្ដីថ្លែងការណ៍មួយដោយពន្យល់ពីហេតុផលនៅពីក្រោយការលុបចោលកម្មវិធី «Remove China Apps» ចេញពី Google Play Store របស់ខ្លួន។ នេះបើតាមការចេញផ្សាយពីគេហទំព័រ Republic World និងសារព័ត៌មាននៅរសៀលថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។
កម្មវិធី Remove China Apps ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន OneTouch AppLabs មានមូលដ្ឋាននៅទីក្រុងចៃភួ (Jaipur) ភាគខាងលិចប្រទេសឥណ្ឌា និងមាន គោលបំណងអនុញ្ញាតឱ្យអ្នកប្រើប្រាស់លុប App ណាដែលមានប្រភពពីចិន។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅក្នុងសប្ដាហ៍នេះ លោក សាមី សាម៉ាត (Sameer Samat) ជាអនុប្រធានកម្មវិធីប្រតិបត្តិការ Android និង Google Play បានពន្យល់ថា ការសម្រេចចិត្តលុបចោលកម្មវិធី Remove China Apps ចេញពី Google Play Store គឺធ្វើឡើងដើម្បីធានាភាពយុត្តិធម៌ត្រឹមត្រូវ និងបរិយាកាសប្រកួតប្រជែង។
គួរបញ្ជាក់ថា មុននឹងត្រូវបានលុបចោលកម្មវិធី (App) របស់ឥណ្ឌាមួយមានឈ្មោះថា Remove China Apps នៅក្នុង App Store របស់ Google បានទទួលការដោនឡូដ សរុបរហូតដល់ទៅជាង ៥លានដងហើយ តាមរយៈទិន្នន័យដែលបង្ហាញនៅលើកម្មវិធី App នោះផ្ទាល់។ ដើមចមដែលធ្វើឲ្យ App របស់ឥណ្ឌាមួយនេះ មានភាពល្បីល្បាញ ខ្លាំងក្នុងប្រទេសរបស់ខ្លួន នោះក៏ព្រោះតែមួយរយៈចុងក្រោយនេះ បញ្ហាជម្លោះព្រំដែនរវាងចិន និងឥណ្ឌានៅតំបន់ជួរភ្នំហិម៉ាល័យ កាន់តែតានតឹងខ្លាំងឡើង ហើយក្រុមជាតិនិយមជ្រុលមួយចំនួន បានបំផុសឲ្យមានការប្រឆាំង ទៅនឹងការប្រើប្រាស់រាល់ផលិតផលទាំងអស់ ដែលមានប្រភពដើមពីប្រទេសចិន៕