(ប៉ារីស)៖ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ផ្នែកវិទ្យាសាស្ត្រ របស់រដ្ឋាភិបាលបារាំងបានថ្លែងឲ្យដឹងនៅថ្ងៃសុក្រនេះថា ស្ថានការណ៍ជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេសបារាំង «អាចគ្រប់គ្រងបានហើយ» ខណៈប្រទេសអ៊ឺរ៉ុបមួយនេះ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដកចេញវិញ នូវវិធានការបិទប្រទេស ដែលខ្លួនបានដាក់នៅចំពោះមុខ COVID-19 កាលពីខែមីនាកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន France 24 នារសៀលថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។
ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ផ្នែកវិទ្យាសាស្ត្របារាំង លោក ហ្សង់ ហ្វ្រង់ស័រ ឌីហ្វ្រារ៉ាស៊ី (Jean-Francois Delfraissy) បានប្រាប់វិទ្យុនៅក្នុងប្រទេសយ៉ាងដូច្នេះថា «យើងអាចនិយាយបានថា វីរុសកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យើង។ បើទោះបីជាវីរុសនេះ នៅតែបន្តរាលដាលនៅតាមតំបន់មួយចំនួន... ប៉ុន្តែក៏ស្ថិតក្នុងសន្ទុះមួយដែលយឺត»។
ជុំវិញបញ្ហានេះដែរ លោកប្រធានបានគូសបញ្ជាក់ថា «យើងធ្លាប់តែកត់ត្រាចំនួនករណីឆ្លងថ្មីក្នុងមួយថ្ងៃៗរហូតទៅ ៨០,០០០ករណី ឯណោះកាលពីខែដើមខែមីនាកន្លងទៅនេះ។ ពោលនៅមុនចាត់វិធានារបិទប្រទេស។ ប៉ុន្តែឥឡូវនេះយើងអាចប៉ាន់ស្មានថា មានប្រហែល ១,០០០ករណីប៉ុណ្ណោះក្នុងមួយថ្ងៃ»។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្នបារាំងបានកត់ត្រាចំនួនអ្នកឆ្លង COVID-19 សរុប ១៥២,៤៤៤ករណី ដោយក្នុងនោះអ្នកជំងឺ ២៩,០៦៥នាក់ស្លាប់ និង ៦៩,៩៧៦នាក់ផ្សេងទៀត បានជាសះស្បើយឡើងវិញ៕