(ស៊ីដនី)៖ ថ្នាំមួយប្រភេទដែលអភិវឌ្ឍ និងផលិតដោយក្រុមហ៊ុន Dimerix នៃសាកលវិទ្យាល័យ University of Western Australia នឹងត្រូវបានបញ្ចូលទៅក្នុងការធ្វើតេស្ដ ជាសកល សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។
ថ្នាំមានឈ្មោះថា DMX-200 ខាងលើត្រូវបានជ្រើសរើសនៅក្រោមផ្នែកមួយនៃកម្មវិធី REMAP-CAP ដែលមានគោលដៅព្យាបាលអ្នកជំងឺសម្រាក ក្នុងមន្ទីរពេទ្យ ដែលមានផ្ទុក ឬសង្ស័យថាផ្ទុក COVID-19។ DMX-200 ដែលជាថ្នាំ ត្រូវបានផលិតឡើងសម្រាប់ការព្យាបាល និងកាត់បន្ថយការខូចខាតបង្កឡើងដោយការរលាកកោសិកា ក៏ត្រូវបានគេពិនិត្យ ឃើញផងដែរថា អាចនឹងមានប្រសិទ្ធភាព ក៏ដូចជាផ្ដល់អត្ថាប្រយោជន៍ដល់អ្នកជំងឺ COVID-19។
គួរបញ្ជាក់ថា REMAP-CAP គឺជាកម្មវិធីធ្វើតេស្ដអន្តរជាតិមួយ ដំណើរការដោយក្រុមអ្នកជំនាញ ស្ថាប័ន និងក្រុមអ្នកស្រាវជ្រាវជាច្រើន ដែលមានគោលដៅរួមបញ្ចូលអ្នកជំងឺ COVID-19 ស្ម័គ្រចិត្ត ៧,០០០នាក់ មកពីតំបន់ច្រើនជាង២០០ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក, អឺរ៉ុប និងអាមេរិកខាងជើង ទៅក្នុងការធ្វើតេស្ដ សម្រាប់ការព្យាបាលជំងឺឆ្លងរាតត្បាតមួយនេះ៕