(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ីនៅថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៨,៧២៤ករណីបន្ថែមទៀតនៅក្នុងរយៈពេលត្រឹម ២៤ម៉ោងកន្លងទៅនេះ។ ប្រការនេះវាធ្វើឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៤៤៩,៨៣៤ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងរយៈពេលដូចគ្នានេះក្រៅពីករណីឆ្លង រុស្ស៊ីក៏បានកត់ត្រាករណីស្លាប់ថ្មីៗចំនួន ១៤៤នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនករណីស្លាប់សរុបនៅទូទាំងប្រទេសកើនដល់ ៥,៥២៨នាក់។ ដោយឡែកសម្រាប់របាយការណ៍ ស្តីអំពីករណីអ្នកជាសះស្បើយវិញ អាជ្ញាធរសុខាភិបាលរុស្ស៊ីបានគូសបញ្ជាក់ថា មានចំនួនសរុប ២១២,៦៨០នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ៨,០៥៧នាក់ទៀតទើបតែបានជាសះស្បើយ។
រដ្ឋធានីម៉ូស្គូ ដែលជាតំបន់រងគ្រោះខ្លាំងជាងគេប្រចាំប្រទេសរុស្ស៊ី បានបញ្ជាក់ថាមានករណីឆ្លងថ្មីចំនួន ១,៨៥៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងទីក្រុងមួយនេះ បានកើនដល់ទៅ ១៩១,០៦៩ករណី។
បើតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់ និងសុខុមាលភាពប្រជាជនរបស់រុស្ស៊ី ដែលចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញមនុស្សចំនួន ៣១៧,០០៦នាក់ កំពុងស្ថិតក្រោមការឃ្លាំមើលតាមបែបវេជ្ជសាស្រ្ត រីឯអ្នកដែលបានធ្វើតេស្តរកជំងឺ COVID-19 នៅទូទាំងប្រទេសរុស្ស៉ី តាមរយៈមន្ទីរពិសោធន៍មានប្រមាណ ១២លាននាក់៕