(ឡុងដ៍)៖ ប្រធានទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេស GCHQ បាននិយាយថា បញ្ហាខ្វែងគំនិតគ្នាជុំវិញក្រុមហ៊ុនបច្ចេកវិទ្យា របស់ប្រទេសចិន Huawei Technologies គឺមិនបង្កជាការគំរាមកំហែងអ្វីឡើយ ចំពោះទំនាក់ទំនងនៃការចែករំលែកព័ត៌មាន សម្ងាត់រវាងចក្រភពអង់គ្លេសហើយនិងសម្ព័ន្ធមិត្ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។
យោងតាមឃ្លីបបទសម្ភាសន៍មួយ ដែលទើបតែចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានទីភ្នាក់ងារ GCHQ លោក Jeremy Fleming បានលើកឡើងថា លោកមិនចាត់ទុកបញ្ហាខ្វែងគំនិតគ្នាជុំវិញក្រុមហ៊ុន Huawei ជាការគំរាមកំហែងចំពោះ «Five Eyes» ដែលជាសម្ព័ន្ធភាពផ្នែកចារកម្មរវាងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី និងនូវែលសេឡង់នោះ ឡើយ។
គួរជម្រាបថា កាលពីខែមករា ដើមឆ្នាំនេះ ចក្រភពអង់គ្លេសបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន Huawei ចូលរួមចំណែកខ្លះនៅក្នុង ការកសាងហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធសេវាជំនាន់ចុងក្រោយ 5G នៅក្នុងប្រទេសខ្លួន នៅចំពោះមុខការព្រមានពីសហរដ្ឋអាមេរិក ដែលបានចោទក្រុមហ៊ុនចិនមួយនេះអំពីការគំរាមកំហែងផ្នែកសន្តិសុខ។ ចាប់តាំងពីពេលនោះ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានស្ថិតក្រោមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន និងក្រុមសមាជិកនៃគណបក្សលោកផ្ទាល់ ហើយឥឡូវទីក្រុងឡុងដ៍ ទំនងជាកំពុងព្យាយាមរកមធ្យោបាយ ដើម្បីដក Huawei ពីការសាងសង់ប្រព័ន្ធ 5G នៅក្នុងប្រទេសខ្លួនវិញ៕