(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមាន Twitter, Facebook និង Apple បានប្រកាសពីការបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់ក្រុមអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង ការរើសអើងពូជសាសន៍នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោក CEO ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានសន្យាថា នឹងបរិច្ចាគប្រាក់ ១០លានដុល្លារដល់ក្រុមអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើយុទ្ធនាការទាមទារយុត្តិធម៌ និងប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍។ លោក Mark បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «យើងកំពុងធ្វើការជាមួយទីប្រឹក្សាសិទ្ធិមនុស្ស និងបុគ្គលិករបស់យើងដើម្បីកំណត់ថា តើអង្គការសង្គមស៊ីវិលនៅក្នុងតំបន់ ឬថ្នាក់ជាតិណាមួយ ដែលអាចនឹងប្រើប្រាស់ជំនួយ ឱ្យមានប្រសិទ្ធភាពនៅក្នុងពេលនេះ»។
ក្រៅពីលោក Mark Zuckerberg នាយកប្រតិបត្តិការក្រុមហ៊ុន Twitter លោក ជែក ដ័រសី (Jack Dorsey) ក៏បានប្រកាសពីការបរិច្ចាគប្រាក់ ០៣លានដុល្លារដល់ចលនា Know Your Rights Camp របស់អតីតកីឡាករបាល់ឱប និងដែលបច្ចុប្បន្នជាសកម្មជនសិទ្ធិមនុស្ស លោក ខូលី កេភើនីក (Colin Kaepernick) ផងដែរ ខណៈCEO ក្រុមហ៊ុន Apple លោក ធីម ឃុក (Tim Cook) សន្យានឹងបរិច្ចាគប្រាក់រាប់លានដុល្លារដូចគ្នា តែមិនទាន់បញ្ជាក់ពីចំនួននោះទេ។
គួរបញ្ជាក់ថា ប្រកាសបរិច្ចាគប្រាក់រាប់លានដុល្លារខាងលើ ធ្វើឡើងនៅចំពេលសហរដ្ឋអាមេរិក កំពុងជាប់ផុងក្នុងភាពចលាចល, អំពើហិង្សា, ការបំផ្លិចបំផ្លាញ, លួច និងប្លន់ហាងទំនិញ នៅក្នុងបាតុកម្មតវ៉ាទូទាំងប្រទេស ដែលផ្ទុះឡើងចាប់តាំងពីបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុង មីននាផូលីស (Minneapolis) យកជង្គង់សង្កត់ករហូតដល់ខ្យល់ស្លាប់ ដោយសារតែការចោទប្រកាន់រឿងចាយលុយក្លែងក្លាយ ២០ដុល្លារ៕