(សេអ៊ូល)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៥១នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ១១,៧១៩ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះមាន ០៨នាក់ជាប្រភេទករណីនាំចូលពីបរទេស។ ទោះជាយ៉ាងណា ក្នុងរយៈពេលដូចគ្នានេះ កូរ៉េខាងត្បូងមិនបានរកឃើញករណីស្លាប់ថ្មីនោះទេ ដោយបានរក្សានូវចំនួនអ្នកស្លាប់សរុបនៅត្រឹម ២៧៣នាក់ដដែល ឬស្មើនឹង ២.៣៣% នៃចំនួនអ្នកដែលបានឆ្លងជំងឺ COVID-19 ទាំងអស់។
ដោយឡែកសម្រាប់របាយការណ៍ ស្តីអំពីតួលេខសរុបនៃអ្នកជាសះស្បើយឡើងវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា បានកើនដល់ ១០,៥៣១នាក់ហើយ ឬស្មើនឹង ៨៩.៩% នៃចំនួនអ្នកជំងឺសរុប បន្ទាប់ពីអ្នកជំងឺចំនួន ២៥នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ។
គួរជម្រាបថា ប្រទេសអាស៊ីបូព៌ាមួយនេះ បានស្គាល់អត្រាអ្នកឆ្លងប្រចាំថ្ងៃច្រើនជាង ៥០ ករណី សម្រាប់រយៈពេល ០៨ថ្ងៃជាប់ៗគ្នាមកហើយ។ នេះក៏ដោយសារតែមានករណីឆ្លងផ្ទុះឡើងជាចង្កោមថ្មី ដែលជាប់ទាក់ទងនឹងការជួបជុំបែបសាសនា និងក្លឹបកម្សាន្តនាពេលរាត្រី នៅតាមតំបន់ជាយក្រុងសេអ៊ូល៕