(ញូដេលី)៖ មនុស្សម្នាជាច្រើនបាននាំគ្នាប្រមូលផ្ដុំ នៅតាមកន្លែងប្រតិបត្តិសាសនា ដូចជាវិហារគ្រឹស្ដ, ហិណ្ឌូ, ឥស្លាម និង ហ្គឺរ៉ាដវ៉ារ៉ា (gurudwaras ជាវិហារសម្រាប់អ្នកកាន់សាសនា ស៊ីក «Sikh» នៅក្នុងប្រទេសឥណ្ឌា) នៅថ្ងៃចន្ទនេះ ខណៈកន្លែងប្រតិបត្តិសាសនា បានបើកទ្វារឡើងវិញនៅតាមរដ្ឋមួយចំនួន បន្ទាប់ពីបានបិទទ្វារអស់រយៈពេល ៧៦ថ្ងៃមកនេះ នៅក្រោមវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃចន្ទនេះ មនុស្សម្នាបាននាំគ្នាចូលទៅកាន់កន្លែងប្រតិបត្តិសាសនានានាក្នុងរដ្ឋមួយចំនួននៃប្រទេសឥណ្ឌា ជាមួយការអនុវត្តវិធានការគម្លាតសុវត្ថិភាព និងពាក់ម៉ាសជាដើម។ ការបើកទ្វារកន្លែងប្រតិបត្តិសាសនាឡើងវិញ ត្រូវបានអនុញ្ញាតក្រោមបទបញ្ជាថ្មីមួយ របស់រដ្ឋាភិបាលសហព័ន្ធឥណ្ឌា កាលពីថ្ងៃទី០៤ ខែមិថុនា ដែលបានបញ្ជាក់ថា ទីកន្លែងប្រតិបត្តិសាសនាសម្រាប់សាធារណជននៅក្នុងតំបន់ដែល COVID-19 នៅតែបន្តឆ្លងរាតត្បាតខ្លាំងត្រូវបន្តបិទទ្វារដដែល ហើយទីកន្លែងប្រតិបត្តិសាសនា នៅក្នុងតំបន់ដែល COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រងអាចបើកទ្វារឡើងវិញបាន។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមរបាយការណ៍នៅព្រឹកថ្ងៃចន្ទនេះ ឥណ្ឌាមានករណីឆ្លង COVID-19 សរុប ២៥៨,០៩០ករណី ក្នុងនោះស្លាប់ ៧,២០៧នាក់ និងជាសះស្បើយឡើងវិញ ១២៣,៨៤៨នាក់៕