(អុីស្លាម៉ាបាដ)៖ ករណីឆ្លង COVID-19 នៅក្នុងប្រទេសប៉ាគីស្ថានបានកើនដល់ ១០៣,៦៧១ករណីហើយគិតត្រឹមថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ បន្ទាប់ពីប្រទេសអាស៊ីខាងត្បូងមួយនេះ ទើបតែបានប្រកាសរកឃើញករណីឆ្លងថ្មីៗចំនួន ៤,៧២៨នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលប៉ាគីស្ថានបានឲ្យដឹងថា ក្នុងរយៈពេលដូចគ្នានេះ ប្រទេសប៉ាគីស្ថានក៏បានកត់ត្រាករណីស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 ចំនួន ៦៥នាក់បន្ថែមទៀតដែរ ដែលនាំឲ្យករណីស្លាប់សរុបកើនដល់ ២,០៦៧នាក់ ឬស្មើប្រហែលនឹង ២% នៃចំនួនករណីឆ្លងសរុបខាងលើ។ ចំណែកឯចំនួនអ្នកជាសះស្បើយនៅក្នុងប្រទេសមួយនេះមានចំនួន ៣៤,៣៥៥នាក់ ឬស្មើរនឹង ៣៣.១%។ ប្រការនេះវាបានធ្វើឲ្យចំនួនករណីសកម្ម ឬអ្នកជំងឺកំពុងតែសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបច្ចុប្បន្នមានចំនួន ៦៧,២៤៩ នាក់។
យោងតាមទិន្នន័យចុងក្រោយនេះ វាបានធ្វើឲ្យប្រទេសប៉ាគីស្ថានបានឈរលំដាប់ថ្នាក់ទី ១៥ ក្នុងចំណោមប្រទេសទាំង ១៦ នាពេលបច្ចុប្បន្នដែលមានករណីឆ្លងលើសពី ១០០,០០០ករណីឡើងទៅ។ នៅចំពោះស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងនៃវិបត្តិ COVID-19 អាជ្ញាធរប៉ាគីស្ថានបានប្តេជ្ញាថា នឹងចាត់វិធានការយ៉ាងតឹងរឹងបន្ថែមទៀតក្នុងការអនុវត្តនីតិធី ដែលខ្លួនបានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺរាតត្បាតសកលមួយនេះ៕