(វែលលីនតុន)៖ ប្រទេសនូវែលសេឡង់គ្រោងដកវិធានការរឹតត្បិត ចេញវិញស្ទើរទាំងអស់ តែរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានប្រកាសថា ប្រទេសដីកោះមួយនេះលែងមានអ្នកជំងឺ COVID-19 ទៀតហើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាល្ងាចថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។

បើតាមការប្រកាសព័ត៌មាន ពីក្រសួងសុខាភិបាលនូវែលសេឡង់បានឲ្យដឹងថា ការប្រកាសអាសន្នកម្រិត ៤ នឹងត្រូវទម្លាក់ទៅកាន់កម្រិត ១ វិញនៅពាក់កណ្តាលអធ្រាត្រយប់នេះ (ម៉ោងនៅវែលលីនតុន)។ ក្រោមការបន្ធូរបន្ថយនេះ វិធានការរក្សាគម្លាតសុវត្ថិភាពនឹងលែងជាការចាំបាច់ ខណៈការជួបជុំជាសាធារណៈនានា ដូចជាពិធីមង្គលការ, ពិធីបុណ្យសព និងការដឹកជញ្ជូនសាធារណៈជាដើម ក៏លែងត្រូវបានហាមឃាត់ផងដែរ។ ពោលលើកលែងតែព្រំដែនប៉ុណ្ណោះ នឹងនៅតែបន្តបិទ។

គួរជម្រាបថា នៅថ្ងៃដដែលនេះប្រទេសនូវែលសេឡង់ បានប្រកាសពីភាពរជោគជ័យរបស់ខ្លួន ក្នុងគ្រប់គ្រងជំងឺ COVID-19 ខណៈដែលអ្នកជំងឺទាំងអស់បានជាសះស្បើយ និងមិនមានការរាយការណ៍ពីករណីឆ្លងថ្មី អស់រយៈពេលជាង ០២សប្តាហ៍មកកន្លងមកនេះ។ ប្រទេសដីកោះ ដែលមានប្រជាជនរស់នៅជាង ៥លាននាក់មួយនេះ បានរកឃើញករណីឆ្លង COVID-19 សរុប ១,៥០៤ករណី ក្នុងនោះស្លាប់ ២២នាក់ និង ១,៤៨២នាក់ទៀតត្រូវបានព្យាបាលឲ្យជាសះស្បើយទាំងអស់៕