(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋអាជ្ញាអាមេរិកលោក វីលៀម បារ (William Barr) បានចេញមុខការពារការប្រើប្រាស់កម្លាំងបាយ បំបែកក្រុមបាតុករនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី កាលថ្ងៃចន្ទសប្ដាហ៍មុន ដើម្បីបើកផ្លូវឱ្យប្រធានាធិបតីលោក ដូណាល់ ត្រាំ ធ្វើដំណើរទៅថតរូបនៅឯព្រះវិហារមួយ ដោយលោកបាននិយាយទៀតថា ក្រុមបាតុកទាំងនោះមិនបានធ្វើការតវ៉ា ដោយសន្តិវិធីនោះទេ ហើយថែមទាំងបានបង្កឱ្យ កងកម្លាំងរក្សាសណ្ដាប់ធ្នាប់រាប់រាយនាក់រងរបួសទៀតផង។ នេះបើតាមការចេញផ្សាយដោយកាសែតអាមេរិក News Week នៅល្ងាចថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងបទសម្ភាសន៍មួយនៃកម្មវិធី Face the Nation របស់ស្ថានីយទូរទស្សន៍ CBS News កាលពីថ្ងៃអាទិត្យម្សិលមិញ លោក William Barr ក៏បានសង្កត់ធ្ងន់ដែរថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួន បានផ្សព្វផ្សាយរឿងមិនពិតថា ក្រុមមនុស្សធ្វើបាតុកម្មតវ៉ានៅឯឧទ្យាន ឡាហ្វាយ៉េត (Lafayette Park) គឺជាបាតុករសន្តិភាព ដែលត្រូវបានអាជ្ញាធរប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងឧស្ម័នម្រេចដើម្បីបំបែកពួកគេ តែប៉ុន្មាននាទីប៉ុណ្ណោះមុននឹងលោក ដូណាល់ ត្រាំ ធ្វើដំណើរទៅថតរូបនៅវិហារ ចន អេពីស្គូប៉ាល់ (St. John's Episcopal Church)។
ឆ្លើយតបទៅនឹងសំណួរពិធីការនីកម្មវិធី Face the Nation លោកស្រី ម៉ាហ្គារែត ប្រ៊ិនណិន (Margaret Brennan) ដែលថា តើការប្រើប្រាស់គ្រាប់បែកផ្សែង, ឧស្ម័នម្រេច, ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កំភ្លើងជ័រ បំបែកក្រុមបាតុករគឺជារឿងត្រឹមត្រូវដែរឬទេ? លោកអគ្គរដ្ឋអាជ្ញាធរអាមេរិក បានបញ្ជាក់ដូច្នេះថា «ពួកគេមិនមែនជាបាតុករសន្តិភាពនោះទេ ហើយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបែរជាផ្សាយមិនពិតថា ពួកគេជាបាតុករសន្តិភាពទៅវិញ... ខ្ញុំលឺតែការផ្សាយពីបាតុករសន្តិភាព តែខ្ញុំមិនបានលឺព័ត៌មានពីកងកម្លាំងរក្សាសណ្ដាប់ធ្នាប់រងរបួសនោះទេ»។
គួរជម្រាបថា បើតាមលោក William Barr បាតុកម្មតវ៉ារកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) នៅឯឧទ្យាន Lafayette Park កាលពីថ្ងៃចន្ទសប្ដាហ៍មុន បានបណ្ដាលឱ្យកងកម្លាំងរក្សាសណ្ដាប់ធ្នាប់ ១៥០នាក់បានរងរបួស ហើយក្នុងមានអ្នកខ្លះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោមស្ថានភាពសន្លប់ស្ដូកស្ដឹងផងដែរ៕