(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងឲ្យដឹងថា លោកបានបញ្ជាឲ្យដកកងកម្លាំងឆ្មាំជាតិ ចេញពីរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីវិញហើយ ដ្បិតថាអ្វីៗគ្រប់យ៉ាងនៅទីនោះ ស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងល្អឥតខ្ចោះ។ ព្រមជាមួយគ្នា ប្រធានាធិបតីរូបក៏បានសង្កត់ធ្ងន់ផងដែរថា កងឆ្នាំជាតិទាំងនោះក៏អាចនឹងត្រឡប់មកវិញភ្លាមៗ បើមានការចាំបាច់។
២៖ ប្រទេសនូវែលសេឡង់គ្រោងដកវិធានការរឹតត្បិត ចេញវិញស្ទើរទាំងអស់ តែរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានប្រកាសថា ប្រទេសដីកោះមួយនេះលែងមានអ្នកជំងឺ COVID-19 ទៀតហើយ។
៣៖ ក្រុមហ៊ុនជប៉ុនហ្វ៊ូជីហ្វីម (Fujifilm) បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវរបស់ខ្លួនលើថ្នាំ អាវីហ្គែន (Avigan ឬ Favipiravir) ជាថ្នាំដែលត្រូវបានគេជឿជាក់ថាមានសក្តានុពលសម្រាប់ ការព្យាបាល COVID-19 អាចនឹងត្រូវអូសបន្លាយពេលរហូតដល់ខែកក្កដាខាងមុខ ហើយនេះនឹងបង្កជាឧបសគ្គថ្មីមួយ ដល់ការពន្លឿនផលិតវ៉ាក់សាំង របស់ក្រុមហ៊ុនជប៉ុនមួយនេះ។
៤៖ ករណីឆ្លង COVID-19 នៅក្នុងប្រទេសប៉ាគីស្ថានបានកើនដល់ ១០៣,៦៧១ករណីហើយគិតត្រឹមថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ បន្ទាប់ពីប្រទេសអាស៊ីខាងត្បូងមួយនេះ ទើបតែបានប្រកាសរកឃើញករណីឆ្លងថ្មីៗចំនួន ៤,៧២៨នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។
៥៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានថ្លែងនៅថ្ងៃចន្ទនេះថា ប្រទេសជប៉ុនកំពុងឃ្លាំមើល ស្ថានការណ៍នៅហុងកុងជាមួយនឹង «ការព្រួយបារម្ភយ៉ាងខ្លាំង» បន្ទាប់ពីប្រទេសចិនរៀបចំអនុម័ត ច្បាប់សន្តិសុខថ្មីសម្រាប់ដែនដីមួយនេះ។ ជាមួយគ្នានេះលោក អាបេ ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការប្រកាន់ភ្ជាប់នូវគោលការណ៍ «ប្រទេសមួយប្រព័ន្ធពីរ» ផងដែរ។
៦៖ គេហទំព័រ worldometers នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះបានឱ្យដឹងថា ចំនួនករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់ ២លាននាក់ហើយ និងនៅតែបន្តឈរលេខ ១ ដដែលនៅលើពិភពលោក ក្នុងនាមជាប្រទេសមានករណីឆ្លង និងស្លាប់ច្រើនជាងគេបំផុត៕