(ហុងកុង)៖ មន្ត្រីជាន់ខ្ពស់ចិនម្នាក់ នៅថ្ងៃចន្ទនេះ បាននិយាយថា ច្បាប់សន្តិសុខជាតិថ្មី ដែលនឹងត្រូវដាក់ឱ្យអនុវត្តនៅក្នុងទីក្រុងហុងកុង នាពេលឆាប់ៗនេះ គឺប្រៀប បានទៅនឹងការដំឡើងកម្មវិធីកម្ចាត់វីរុស ខណៈបាតុកម្មតវ៉ាប្រឆាំងនឹងច្បាប់នេះត្រូវបានគេរំពឹងថាអាចនឹងផ្ទុះឡើងជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។
លោក Zhang Xiaoming ជាអនុប្រធានការិយាល័យកិច្ចការទីក្រុងហុងកុង និងម៉ាកាវ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយការព្រមានថាក្រុមបាតុករ បាន ដើរហួសបន្ទាត់ក្រហមឆ្ងាយពេកហើយ។ ថ្លែងនាឱកាសនោះ លោក Zhang បានលើកឡើងដូច្នេះថា៖ «នៅពេលវាចូលធរមាន, ច្បាប់នេះគឺប្រៀបបានទៅនឹងការដំឡើង កម្មវិធីកម្ចាត់វីរុស សម្រាប់ទីក្រុងហុងកុង...ហើយបូករួមទាំងគោលនយោបាយប្រទេសមួយ ប្រព័ន្ធពីរ ច្បាប់នេះនឹងដំណើរការប្រកបដោយសុវត្ថិភាព, រលូន និងមានសេ្ថរភាព»។
គួរជម្រាបថា ច្បាប់ស្ដីពីសន្តិសុខសម្រាប់ទីក្រុងហុងកុង ស្នើឡើងដោយប្រទេសចិន មានគោលដៅទប់ស្កាត់សកម្មភាពទាមទារឯករាជ្យ, អបគមន៍, ភេរវកម្ម, និងការលូកដៃចូលកិច្ចការផ្ទៃក្នុងពីបរទេស។ ក្រុមចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យអះអាងថា ច្បាប់នេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាព និងលទ្ធិប្រជាធិបតេយ្យ របស់ទីក្រុងហុងកុង។ ក៏ប៉ុន្តែ ទាំងទីក្រុងប៉េកាំង និងនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី Carrie Lam បានច្រានចោលរាល់ការព្រួយបារម្ភទាំងឡាយចំពោះច្បាប់នេះ ដ្បិតវានឹងមិនធ្វើឱ្យបំផ្លាញសេរីភាពអ្វីទាំងអស់៕