(រីយ៉ូ)៖ នៅថ្ងៃចន្ទ ទី០៨ ខែមិថុនា (ពេលវេលានៅប្រេស៊ីល) រដ្ឋាភិបាលប្រេស៊ីលបានទម្លាក់ តួលេខអ្នកស្លាប់ប្រចាំថ្ងៃពី ១,៣៨២នាក់ មកនៅត្រឹម ៥២៥នាក់វិញ ប៉ុន្តែសម្រាប់តួលេខអ្នកឆ្លងប្រចាំថ្ងៃត្រូវបានដំឡើងពី ១២,៥៨១នាក់ ទៅ ១៨,៩១២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។

អាជ្ញាធរប្រេស៊ីលបានអះអាងថា ការកែតម្រូវតួលេខខាងលើនេះ ក៏ព្រោះតែរដ្ឋមួយចំនួនបានជួបបញ្ហា ដោយសារការរាប់ចំនួនជាន់គ្នា ធ្វើឲ្យតួលេខអ្នកស្លាប់កើនឡើង និងការមិនបានរាប់បញ្ចូលចំនួនត្រឹមត្រូវ នាំឲ្យបាត់តួលេខអ្នកឆ្លងជាច្រើន។ គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ប្រេស៊ីលមានករណីឆ្លងជំងឺ COVID-19 សរុប ៧១០,៨៨៧ករណី ក្នុងនោះស្លាប់ ៣៧,៣១២នាក់ និងជាសះស្បើយឡើងវិញ ៣២៥,៦០២នាក់។

គួរបញ្ជាក់ថា ទោះបីជាស្ថានការណ៍ COVID-19 មិនទាន់មានសញ្ញាធូរស្រាល នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះក៏ពិតមែន ក៏លោកប្រធានាធិបតីប្រេស៊ីល បូលសូណារ៉ូ បានអះអាងកាលពីថ្ងៃសប្តាហ៍មុននេះថា ការបាត់បង់ជីវិតរបស់មនុស្សគ្រប់គ្នា គឺជាជោគវាសនាដែលមិនអាចគេចផុត ប៉ុន្តែសេដ្ឋកិច្ចគឺជារឿងសំខាន់ជាងអ្វីៗទាំងអស់។ រដ្ឋាភិបាលប្រេស៊ីលក៏បានគំរាមដកខ្លួនពីអង្គការសុខភាពពិភពលោក WHO ផងដែរបន្ទាប់ពី WHO ព្រមានប្រទេសនេះពីការដកវិធានការរឹតត្បិតលឿនពេក៕