(សេអ៊ូល)៖ កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងកាត់ផ្ដាច់ខ្សែទូរស័ព្ទបន្ទាន់អន្តរកូរ៉េ (Hotlines) ជាមួយកូរ៉េខាងត្បូងជាជំហានដំបូង មុននឹងឈានទៅដល់ការកាត់ផ្ដាច់ រាល់មធ្យោបាយទំនាក់ទំនងទាំងអស់ ជាមួយទីក្រុងសេអ៊ូល។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។

អស់រយៈពេលជាច្រើនថ្ងៃមកនេះ កូរ៉េខាងជើងបានព្រមានបិទការិយាល័យទំនាក់ទំនងអន្តរកូរ៉េ និងគម្រោងជាច្រើនទៀត បើសិនជាកូរ៉េខាងត្បូងនៅតែបណ្ដែតបណ្ដោយ ឱ្យប្រជាជនកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បន្តបញ្ជូនខិត្តប័ណ្ណរិះគន់ការដឹកនាំរបស់លោក គីម ជុងអ៊ុន ចូលមកក្នុងទឹកដីកូរ៉េខាងជើងទៀត។ ជាថ្មីម្ដងទៀតនៅថ្ងៃអង្គារនេះ ស្ថានីយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA នៅតែបន្តចោទប្រកាន់កូរ៉េខាងត្បូងថា ជាអ្នកអនុញ្ញាតឱ្យមានការបញ្ជូនខិត្តប័ណ្ណ ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់លោក គីម។

KCNA បានបញ្ជាក់នៅក្នុងបទអត្ថាធិប្បាយចេញផ្សាយនៅថ្ងៃអង្គារនេះ ដូច្នេះថា៖ «យើងបានឈានដល់ការសន្និដ្ឋានមួយថា វាមិនមានភាពចាំបាច់ទៀត
នោះទេ ដែលត្រូវអង្គុយទល់មុខចរចាជាមួយកូរ៉េខាងត្បូង ហើយក៏មិនមានដែរកិច្ចពិភាក្សាជាមួយពួកគេ ខណៈពួកគេនៅតែបន្តធ្វើឱ្យយើងខកចិត្ត... ពោលគឺ អ្វីដែលពួកគេបានធ្វើ គឺជាទង្វើអរិភាពប្រឆាំងនឹងប្រជាជនយើងទំាងមូល»

គួរបញ្ជាក់ថា បើតាម KCNA នៅក្នុងជំហានដំបូង កូរ៉េខាងជើងនឹងកាត់ផ្ដាច់បណ្ដាញទំនាក់ទំនង នៅឯការិយាល័យទំនាក់ទំនងអន្តរកូរ៉េ, ខ្សែទូរស័ព្ទបន្ទាន់រវាងយោធានៃប្រទេសទាំងពីរ ព្រមទាំងបណ្ដាញទំនាក់ទំនង ជាមួយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង៕