(ហុងកុង)៖ មេដឹកនាំហុងកុងលោកស្រី ខារី ឡាំ (Carrie Lam ) បានព្រមាននៅថ្ងៃអង្គារនេះថា ហុងកុងមិនអាចទ្រាំទ្រនឹងភាពវឹកវរ ដែលកំពុងកើតមាននៅលើទឹកដីរបស់ខ្លួនតទៅមុខទៀតទេ ត្បិតថាមួយឆ្នាំហើយដែលទីក្រុងមួយនេះបានឆ្លងកាត់មហាបាតុកម្មយ៉ាងហិង្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។
តាមរយៈសន្និសីទប្រចាំសប្តាហ៍របស់ខ្លួន ដែលត្រូវចំនឹងខួបមួយឆ្នាំនៃការចាប់ផ្តើមផ្ទុះឡើងនៃបាតុកម្មនៅហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានលើកឡើងយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាអាចមើលឃើញពីការលំបាកដែលយើងបានឆ្លងកាត់រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ ហើយដោយសារស្ថានភាពធ្ងន់ធ្ងរបែបនេះហើយ ទើបយើងមានបញ្ហាជាច្រើនត្រូវដោះស្រាយ»។
ជាមួយគ្នានោះមេដឹកនាំក្រុងហុងកុងរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា «យើងទាំងអស់គ្នាត្រូវតែចេះរៀនសូត្រពីកំហុសឆ្លង។ ខ្ញុំសង្ឈឹមថា សមាជិកសភាទាំងអស់អាចរៀនសូត្រពីកំហុស នោះគឺត្រូវគិតថាហុងកុងមិនអាចទ្រាំទ្រនឹងភាពវឹកវរបែបនេះតទៅមុខទៀតទេ»។
គួរជម្រាបថា រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ ហុងកុងបានស្គាល់នូវមហាបាតុកម្ម ស្ទើរសឹងតែមិនលោះមួយថ្ងៃ។ មនុស្សជាងមួយលាននាក់បានចុះតាមដងផ្លូវដើម្បីធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងសេចក្តីព្រាងច្បាប់ធ្វើបត្យាប័ន ជនសង្ស័យទៅកាន់ចិនដីគោក របស់រដ្ឋាភិបាលលោកស្រីខារី ឡាំ។ ក្រោយមកលោកស្រី ឡាំ ក៏បានសម្រេចដកសេចក្តីព្រាងច្បាប់នោះវិញ ប៉ុន្តែក្រុមបាតុករនៅតែមិនព្រមបញ្ឈប់ រហូតរាលដាលដល់ការទាមទារឲ្យទម្លាក់លោកស្រីចេញពីដំណែងទៀតផង៕