(ហុងកុង)៖ ក្រុមហ៊ុនអាកាសចរណ៍ហុងកុង ខាថាយប៉ាស៊ីហ្វិក (Cathay Pacific Airways) នៅថ្ងៃអង្គារនេះបានប្រកាសពីផែនការស្ដារ និងបង្កើនហិរញ្ញវត្ថុឡើងវិញ តាមរយៈកញ្ចប់ថវិកាសង្រ្គោះ ៣៩ពាន់លានដុល្លារហុងកុង (៥.០៣ពាន់លានដុល្លារ) ពីរដ្ឋាភិបាលហុងកុង ដើម្បីជួយក្រុមហ៊ុនមួយនេះ ឱ្យងើបផុតពីវិបត្តិដែលបង្កឡើងដោយ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។

បើតាមក្រុមហ៊ុន Cathay ក្នុងចំណោមកញ្ចប់ថវិកាសង្រ្គោះមាន ១៩.៥ពាន់លានដុល្លារហុងកុង ក្រោមរូបភាពជាភាគហ៊ុន ដែលខាងក្រុមហ៊ុននឹងកាន់កាប់ ៦ភាគរយ, ១.៩៥ពាន់លានដុល្លារហុងកុងជាប្រាក់ធានា និង ៧.៨ពាន់លានដុល្លារហុងកុងជាកម្ចី។ មិនតែប៉ុណ្ណោះ តាមរយៈកញ្ចប់ថវិកាសង្រ្គោះនេះ រដ្ឋាភិបាលហុងកុងក៏មានសិទ្ធិបញ្ជូនអ្នកអង្កេតការណ៍ពីររូប ឱ្យចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផងដែរ។

គួរបញ្ជាក់ថា COVID-19 បានបង្កការខូចខាតយ៉ាងធំសម្បើម ដល់ក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោក។ ជាក់ស្ដែងក្រុមហ៊ុន Cathay បានបញ្ឈរជើងយន្ដហោះរបស់ខ្លួនស្ទើរតែទាំងអស់ ក្រោយធ្វើដំណើរត្រូវបានរឹតត្បិត ហើយក្រុមហ៊ុនមួយនេះអាចប្រតិបត្តិការ បានតែយន្ដហោះដឹកទំនិញតែប៉ុណ្ណោះ ទៅកាន់ទីក្រុងប៉េកាំង, ឡូសអាន់ជែលឡែស, សិង្ហបុរី, ស៊ីដនី, តូក្យូ និងទីក្រុងវែនខូវើ (Vancouver)។ ម្យ៉ាងវិញទៀតចាប់តាំងពីខែកុម្ភៈ ក្រុមហ៊ុន Cathay បានខាតបង់ប្រាក់រហូតដល់ ៣ពាន់លានដុល្លារហុងកុង ដោយសារប្រាក់ចំណូលពីសេវាដឹកអ្នកដំណើរធ្លាក់ចុះ៕