(ញូដេលី)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃអង្គារនេះ ឥណ្ឌាបានបំបែកកំណត់ត្រាសាជាថ្មីម្តងទៀតហើយ ដោយមានអ្នកឆ្លងថ្មីៗរហូតដល់ ៩,៩៨៧ករណី និងអ្នកស្លាប់ថ្មីចំនួន ៣៣១នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។
គួរជម្រាបថា នេះជាតួលេខខ្ពស់បំផុតពុំធ្លាប់មាន ទាំងករណីឆ្លង និងករណីស្លាប់ថ្មីៗប្រចាំថ្ងៃនៅក្នុងប្រទេសរហូតមកទល់ពេលនេះ។ បើបូកបន្ថែមលើតួលេខខាងលើ វាធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌាកើនដល់ ២៦៦,៥៩៨ករណី ដោយក្នុងនោះអ្នកជំងឺ ៧,៤៦៦នាក់បានស្លាប់ និង ១២៩,២១៥នាក់ទៀតបានជាសះស្បើយឡើងវិញ។ ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ១២៩,៩១៧នាក់។
នៅចំពោះវិបត្តិសកលមួយនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការបិទទ្វារប្រទេសតាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19។ ប៉ុន្តែស្ថានការណ៍ COVID-19 នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី ២ លើលោកមួយនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និងកាន់តែកើនឡើងថែមទៀត៕