(វែលលីងតុន)៖ ការប្រកាសអំពីជោគជ័យ ក្នុងការព្យាបាលអ្នកជំងឺ COVID-19 អស់រលីងពីមន្ទីរពេទ្យកាលពីថ្ងៃចន្ទម្សិលមិញ បានធ្វើឲ្យប្រជាជនទាំងអស់ក្នុង ប្រទេសនូវែលសេឡង់ មានសេចក្តីរំភើបរីករាយប្រកបដោយមោទនភាព ដោយក្នុងនោះពួកគេអាចមានសេរីភាពដើរផ្សារ ជួបជុំជប់លៀង និងឱបថើបគ្នាដើម្បីសម្តែងការត្រេកអរ ដោយមិនចាំបាច់ត្រូវអនុវត្ត វិធានការរឹតត្បិត ដើម្បីរក្សាសុវត្ថិភាពដូចមុនទៀតនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។

សេចក្តីប្រកាសពីការរួចផុតពី COVID-19 កាលពីថ្ងៃចន្ទម្សិលមិញនេះមានន័យថា ប្រជាជននូវែលសេឡង់ទាំងជាង ៥លាននាក់ មិនចាំបាច់ត្រូវអនុវត្តវិធានការ រក្សាសុវត្ថិភាពនានាទៀតនោះឡើយ ដោយពួកគេអាចទៅផ្សារ, ហាងកាហ្វេ, ពហុកីឡដ្ឋាន, ក្លឹបកម្សាន្តរាត្រី និងការប្រមូលផ្តុំគ្នានៅទីសាធារណៈបានដោយសេរីតែម្តង ដូចកាលដែលប្រទេសនេះ មិនទាន់មានករណីឆ្លង COVID-19។

អ្នករស់នៅរដ្ឋធានីវែលលីងតុនមួយរូបឈ្មោះ ស្ទេវ ប្រាយស៍ (Steve Price) បានលើកឡើងថា «ថ្ងៃនេះ (ថ្ងៃអង្គារ) ខ្ញុំទើបតែអាចដើរហើរនៅទីក្រុងនេះប៉ុណ្ណោះ ហើយខ្ញុំបានឃើញមនុស្សច្រើន ជាងកាលពីប៉ុន្មានខែមុនទៅទៀត។ មនុស្សម្នាកំពុងដើរផ្សារ ញុំាអាហារ ណាត់គ្នាដើរលេង និងកាន់ដៃគ្នាដើរផងដែរ... វាពិតជាគួរឲ្យរីករាយណាស់ ដែលបានឃើញដូច្នេះ»។

ដោយឡែកប្រជាជនមួយចំនួនទៀត បានចូលរួមពិនិត្យជប់លៀងនៅទីកន្លែងសាធារណៈ និងលំនៅឋាន ដោយពួកគេខ្លះបានឱប និងថើបគ្នាដើម្បីសម្តែងការនឹករលឹក ព្រមទាំងក្តីត្រេកអរ ដែលប្រទេសនេះ អាចមានសេរីភាពឡើងវិញពីជំងឺ COVID-19 ផងដែរ។ ទោះបីជាបែបនេះក្តី ក៏មានអ្នកតាមដានមួយចំនួនបានក្រើនរំលឹក កុំឲ្យគ្រប់គ្នាសប្បាយភ្លេចខ្លួនផងដែរ ព្រោះថាពិភពលោកទាំងមូល នៅតែកំពុងប្រយុទ្ធនឹង COVID-19 ដោយមិនទាន់មានសញ្ញាស្រាកស្រាននៅឡើយទេ។ គិតត្រឹមថ្ងៃចន្ទម្សិលមិញ នូវែលសេឡង់មានករណីឆ្លង COVID-19 សរុប ១,៥០៤ករណី ក្នុងនោះស្លាប់ ២២នាក់ និងជាសះស្បើយឡើងវិញ ១,៤៨២នាក់៕