(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងប្រទេសចិនបានស្គាល់ភាពតានតឹងនឹងគ្នាយ៉ាងខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិនកាលពីឆ្នាំ២០១៨។ ស្ថានភាពនៃទំនាក់ទំនងរវាងមហាអំណាចទាំងពីរ រឹតតែតានតឹងឡើងមួយកម្រិតទៀត ក្រោយមន្ត្រីអាមេរិកជាន់ខ្ពស់ជាច្រើននាក់ ចោទប្រកាន់ទីក្រុងប៉េកាំងថា ជាអ្នកទទួលខុសត្រូវចំពោះការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតសកល COVID-19។
ក្រៅពីបញ្ហាខាងលើនេះ សំណុំរឿងហុងកុង តៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ក៏ត្រូវបានគេព្រួយបារម្ភផងដែរថា បាននិងកំពុងអូសមហាអំណាចទាំង ២ ចូលក្នុងសង្រ្គាមត្រជាក់ថ្មីមួយ ហើយវាអាចក្លាយជាចំណុចចាប់ផ្ដើម នៃការប្រឈមមុខនឹងដាក់គ្នាដោយផ្ទាល់រវាងកម្លាំងយោធាចិន និងអាមេរិក នៅពេលអនាគតក៏ថាបាន។
ក្រុមអ្នកវិភាគជាច្រើនបានព្រមានថា សង្រ្គាមត្រជាក់ថ្មីមួយរវាងចិន និងអាមេរិក បានចាប់ផ្ដើមផ្ទុះឡើងហើយ ប៉ុន្តែសង្រ្គាមនេះក៏នឹងអូសទាញឱ្យប្រទេសមួយចំនួនទៀត ចូលរួមផងដែរ។ លោក គ្រីស្តូហ្វឺ ហ្គ្រេនវាល (Christopher Granville) ជាអ្នកជំនាញម្នាក់មកពីក្រុមហ៊ុនស្រាវជ្រាវ TS ឡុមបាដ (TS Lombard) បានយល់ឃើញថា ដើម្បីតទល់នៅក្នុងសង្រ្គាមត្រជាក់ថ្មីនេះ ចិននឹងមិនប្រឈមមុខជាមួយ សហរដ្ឋអាមេរិកមួយទល់នឹងមួយឡើយ ដោយទីក្រុងប៉េកាំងអាចនឹងបង្វែរគោលដៅទៅកាន់សម្ព័ន្ធមិត្តអាមេរិក នៅក្រោមយុទ្ធសាស្ត្រនយោបាយថ្មីនោះគឺ «ការទូតអ្នកចម្បាំងចចក»។
* ការទូតអ្នកចម្បាំងចចក
ទីក្រុងប៉េកាំងអាចនឹងប្រើប្រាស់យុទ្ធសាស្ត្រថ្មីមួយ ដែលអ្នកជំនាញមួយចំនួនដាក់ឈ្មោះឱ្យថា «ការទូតអ្នកចម្បាំងចចក» ដើម្បីបង្វែរគោលដៅទៅលើបណ្ដាប្រទេស ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ លោក Christopher Granville ដែលបានហៅសង្រ្គាមត្រជាក់រវាងចិន និងអាមេរិកថា «Cold War 2.0» បានបញ្ជាក់ទៀតថា យុទ្ធសាស្រ្តបែបនេះ ចិនបានប្រើប្រាស់រួចទៅហើយទៅលើអូស្រ្តាលី តាមរយៈការប្រកាសផ្អាកការនាំចូលសាច់ជ្រូក ពីប្រទេសជាសម្ព័ន្ធមិត្តអាមេរិកមួយនេះ ជាការឆ្លើយដែលអូស្ត្រាលីបានគាំទ្រទីក្រុងវ៉ាស៊ីនតោន ក្នុងការអំពាវនាវឱ្យមានការស៊ើបអង្កេតពាក់ព័ន្ធនឹងដើមកំណើត COVID-19។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសុក្រសប្ដាហ៍មុន ទីក្រុងប៉េកាំងបានប្រាប់ឱ្យពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ដោយសារបារម្ភពីការរើសអើងពូជសាសន៍ និងអំពើហិង្សាប្រឆាំងជនជាតិចិន នៅលើទឹកដីអូស្រា្ដលីជុំវិញបញ្ហា COVID-19។ លើសពីនេះទៅទៀត នៅថ្ងៃអង្គារ ទី០៩ ខែមិថុនានេះតែម្ដង ក្រសួងអប់រំចិនបានចេញសារព្រមានជាថ្មីដោយសំអាងលើហេតុផលដូចគ្នានេះ ដោយជំរុញឱ្យនិស្សិតចិនពិចារណាឡើងវិញថា តើពួកគេតែបន្តការសិក្សា ឬក៏ចាកចេញពីប្រទេសអូស្រ្តាលី។
* ជម្លោះទ្រង់ទ្រាយធំរវាងចិន និងអាមេរិកនឹងមិនផ្ទុះនៅពេលនេះឡើយ
ទោះជាឈ្លោះគ្នាខ្លាំងប៉ុណ្ណាក៏ដោយ ចិនត្រូវបានក្រុមអ្នកជំនាញមើលឃើញថា មិនចង់មានជម្លោះទ្រង់ទ្រាយធំ ឬដោយផ្ទាល់ជាមួយអាមេរិកនោះទេ ក្នុងពេលបច្ចប្បន្ន ពោលគឺចិនដឹងខ្លួនច្បាស់ថា កាលៈទេសៈមិនទាន់អំណោយផល។ ដូច្នេះចិនមានតែដាក់ព្រំដែនកំណត់លើខ្លួនឯង ក្នុងការប្រឈមមុខជាមួយសហរដ្ឋអាមេរិក។ លោក ចូណាថាន់ ហ្វិនបាយ (Jonathan Fenby) មកពីក្រុមហ៊ុនស្រាវជ្រាវ TS Lombard ដូចគ្នាបានបញ្ជាក់ប្រាប់ CNBC យ៉ាងដូច្នេះថា «ក្នុងពេលបច្ចុប្បន្ន ចិនមិនចង់មានជម្លោះទ្រង់ទ្រាយធំជាមួយ សហរដ្ឋអាមេរិកឡើយ។ អ្វីដែលចិនត្រូវការនៅពេលនេះ គឺការផ្ដោតសំខាន់លើវិធានការគ្រប់គ្រង COVID-19, ស្ដារសេដ្ឋកិច្ចជាតិឡើងវិញ និងជំរុញឱ្យមានការដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង»។
លោក Jonathan Fenby បានសង្កត់ធ្ងន់បន្ថែមទៀតថា ខណៈលោក ដូណាល់ ត្រាំ កំពុងដុតបញ្ឆេះគំនិតស្អប់ចិនជាអតិបរមា កំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោកក៏ដោយ តែប្រធានាធិបតីអាមេរិករូបនេះ ក៏បានដាក់ព្រំដែនកំណត់លើខ្លួនឯង និងមានការប្រុងប្រយ័ត្ន ក្នុងការប្រឈមមុខជាមួយទីក្រុងប៉េកាំងផងដែរ។ និយាយឱ្យងាយស្ដាប់ លោក ដូណាល់ ត្រាំ នៅតែត្រូវការចិនដើម្បីទាញប្រយោជន៍ខាងផ្នែកនយោបាយ និងសេដ្ឋកិច្ច នោះគឺតម្រូវឱ្យចិនអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ ដែលតាមនោះចិនសន្យាបង្កើនការទិញ ផលិតផលពីសហរដ្ឋអាមេរិកមានតម្លៃរាប់ពាន់លានដុល្លារ៕
ប្រភព៖ CNBC (ថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០)