(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃអង្គារនេះ ឥណ្ឌាបានបំបែកកំណត់ត្រាសាជាថ្មីម្តងទៀតហើយ ដោយមានអ្នកឆ្លងថ្មីៗរហូតដល់ ៩,៩៨៧ករណី និងអ្នកស្លាប់ថ្មីចំនួន ៣៣១នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។

២៖ ក្រុមគ្រួសាររបស់លោក ចច ហ្វ្លយដ៍ (George Floyd) បានជំរុញឲ្យអង្គការសហប្រជាជាតិ (UN) ធ្វើការស៊ើបអង្កេតជុំវិញការស្លាប់របស់បុរសស្បែកខ្មៅរូបនេះ បន្ទាប់ពីមន្ត្រីប៉ូលីសស្បែកសនៃរដ្ឋមីននីសូតា (Minnesota) បានយកជង្គង់សង្កត់លើកញ្ចឹងកជនរងគ្រោះ អស់រយៈពេលជាង ០៨នាទី រហូតដល់ដាច់ខ្យល់ស្លាប់។

៣៖ ការប្រកាសអំពីជោគជ័យ ក្នុងការព្យាបាលអ្នកជំងឺ COVID-19 អស់រលីងពីមន្ទីរពេទ្យកាលពីថ្ងៃចន្ទម្សិលមិញ បានធ្វើឲ្យប្រជាជនទាំងអស់ក្នុង ប្រទេសនូវែលសេឡង់ មានសេចក្តីរំភើបរីករាយប្រកបដោយមោទនភាព ដោយក្នុងនោះពួកគេអាចមានសេរីភាពដើរផ្សារ ជួបជុំជប់លៀង និងឱបថើបគ្នាដើម្បីសម្តែងការត្រេកអរ ដោយមិនចាំបាច់ត្រូវអនុវត្ត វិធានការរឹតត្បិត ដើម្បីរក្សាសុវត្ថិភាពដូចមុនទៀតនោះឡើយ។

៤៖ មេដឹកនាំហុងកុងលោកស្រី ខារី ឡាំ (Carrie Lam ) បានព្រមាននៅថ្ងៃអង្គារនេះថា ហុងកុងមិនអាចទ្រាំទ្រនឹងភាពវឹកវរ ដែលកំពុងកើតមាននៅលើទឹកដីរបស់ខ្លួនតទៅមុខទៀតទេ ត្បិតថាមួយឆ្នាំហើយដែលទីក្រុងមួយនេះ បានឆ្លងកាត់មហាបាតុកម្មយ៉ាងហិង្សា។

៥៖ យានមុជទឹកគ្មានមនុស្សបើកមួយគ្រឿងឈ្មោះ ហៃតូវ-១ (Haidou-1) របស់ប្រទេសចិន ទើបតែបំបែកកំណត់ត្រាថ្មីរបស់វា តាមរយៈការមុជ ចុះទៅក្រោមផ្ទៃសមុទ្រ បានជម្រៅរហូតដល់ ១០,៩០៧ម៉ែត្រ។

៦៖ កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងកាត់ផ្ដាច់ខ្សែទូរស័ព្ទបន្ទាន់អន្តរកូរ៉េ (Hotlines) ជាមួយកូរ៉េខាងត្បូងជាជំហានដំបូង មុននឹងឈានទៅដល់ការកាត់ផ្ដាច់ រាល់មធ្យោបាយទំនាក់ទំនងទាំងអស់ ជាមួយទីក្រុងសេអ៊ូល៕