(ប៊ូរុនឌី)៖ ប្រធានាធិបតីប៊ូរុនឌី លោក Pierre Nkurunziza បានទទួលមរណភាពហើយ នៅថ្ងៃអង្គារនេះ ក្នុងវ័យ៥៥ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។

ព័ត៌មានមរណភាពរបស់លោក Nkurunziza ត្រូវបានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅ Twitter ដោយរដ្ឋាភិបាលប៊ូរុនឌី។ សេចក្ដីថ្លែងការណ៍ដដែល ឱ្យដឹង ទៀតថាប្រធានាធិបតីចំាផ្ទះរូបនេះ បានស្លាប់នៅឯមន្ទីរពេទ្យ Karusi បន្ទាប់ពីមានជំងឺគាំងបេះដូងកាលពីថ្ងៃទី៨ ខែមិថុនាកន្លងទៅនេះ។

លោក Pierre Nkurunziza បានឡើងកាន់អំណាចជាប្រធានាធិបតីប៊ូរុនឌី តាំងពីឆ្នាំ២០០៥មកម្លេះ ហើយលោកនឹងត្រូវប្រគល់តំណែងឱ្យសម្ព័ន្ធមិត្តនយោបាយរបស់លោក គឺលោក Evariste Ndayishimiye នៅខែសីហាខាងមុខ។ លោក Ndayishimiye ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប៊ូរុនឌី កាលពីថ្ងៃទី២០ ខែឧសភា៕