(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍នេះ បានចេញបទបញ្ជាប្រតិបត្តិមួយ ដែលអនុញ្ញាតឲ្យមានការ ដាក់ទណ្ឌកម្មប្រឆាំងបុគ្គលនានាដែលពាក់ព័ន្ធ ក្នុងដំណើរការស៉ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញការសង្ស័យថាកង ទ័ពរបស់សហរដ្ឋអាមេរិកបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។
បទបញ្ជាខាងលើអនុញ្ញាតឲ្យរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ក្រោមការពិគ្រោះយោបល់ជាមួយរដ្ឋមន្រ្តីរតនាគារជាតិ លោក Steven Mnuchin ធ្វើការរាំងខ្ទប់ទ្រព្យសម្បត្តិរបស់បុគ្គលិកតុលាការ ICC ពាក់ព័ន្ធក្នុងដំណើរការ ស៊ើបអង្កេតនោះ នៅទឹកដីរបស់ សហរដ្ឋអាមេរិក។ វាក៏ផ្តល់សិទ្ធិឲ្យលោក Pompeo ដាក់បម្រាមធ្វើដំណើរលើបុគ្គលទាំងនោះផងដែរ។ កាលពីជាងមួយឆ្នាំមុន ចៅក្រមនៃ តុលាការអន្តរជាតិ ICC ត្រូវអាមេរិកលុបចោលទិដ្ឋាការ ដោយសារតែរឿងស៉ើបអង្កេតនេះ។
គួរជម្រាបថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានសម្រេចបើកការស៉ើបអង្កេតរឿងនេះ បន្ទាប់ពីលទ្ធផលនៃការត្រួតពិនិត្យជាបឋមរបស់ ក្រុមរដ្ឋអាជ្ញារបស់ខ្លួនកាលពីឆ្នាំ២០១៧ បានរកឃើញហេតុផលសមរម្យ ដែលអាចជឿជាក់ថាឧក្រិដ្ឋកម្មសង្រ្គាមទំនងជាត្រូវបានប្រព្រឹត្ត នៅ ប្រទេសអាហ្វហ្គានីស្ថានដោយកងទ័ពអាមេរិក ហើយ ICC មានដែនសមត្ថកិច្ចគ្រប់គ្រាន់។ ចំណេក រដ្ឋាភិបាលកាប៊ុលនិងក្រុមតាលីបង់ ក៏ត្រូវបានចោទប្រកាន់ដែរថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមដូចគ្នា៕