(បាកដាដ)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋអ៉ីរ៉ាក់ INA បានរាយការណ៍ថា រដ្ឋាភិបាលអ៉ីរ៉ាក់ និងសហរដ្ឋអាមេរិក បានអះអាងជាថ្មីឡើងវិញពីការប្ដេជ្ញាចិត្តនៃប្រទេសទាំងពីរ ក្នុងការដកកងទ័ពអាមេរិកចេញពីទឹកដីអ៉ីរ៉ាក់ ដោយមិនបានកំណត់ពីពេលវេលាជាក់លាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មានរដ្ឋ INA ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការស្រង់សម្ដីពីនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក មូស្តាហ្វា អាល់ខាឌីមី (Mustafa Al-Kadhimi) ដោយលោកគូសបញ្ជាក់ថា កិច្ចសន្ទនាជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងប្រទេសអ៉ីរ៉ាក់ បានទទួយកតាមការសម្រេចចិត្តរបស់សភាជាតិអ៉ីរ៉ាក់ ពាក់ព័ន្ធនឹងការដកកងទ័ពអាមេរិកចេញពីទឹកដីប្រទេសនេះ។
ប៉ុន្តែទីភ្នាក់ងារព័ត៌មាន INA មិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះទេ រីឯខាងទីក្រុងវ៉ាស៊ីនតោន ក៏មិនទាន់ធ្វើអត្ថាធិប្បាយអ្វីដែរ ខណៈទំនាកទំនងជាមួយទីក្រុងបាដដាដ កំពុងស្គាល់ភាពតានតឹង ចាប់តាំងពីយន្ដហោះដ្រូនអាមេរិកផ្ដាច់ជីវិតមេទ័ពកំពូលអ៉ីរ៉ង់លោក កាសិម សូឡៃមនី (Qasem Soleimani) និងមេដឹកនាំយោធាអ៉ីរ៉ាក់ផងដែរ នៅលើទឹកដីអ៉ីរ៉ាក់ផ្ទាល់។
គិតត្រឹមឆ្នាំ២០២០ នេះតែម្តង អាមេរិកនៅសល់កងទ័ពប្រមាណ ៥,៥០០នាក់នៅក្នុងទឹកដីអ៉ីរ៉ាក់។ សហរដ្ឋអាមេរិកអាមេរិកមានមូលដ្ឋានទ័ពសរុបចំនួន ១២នៅក្នុងប្រទេសអ៉ីរ៉ាក់ ដោយក្នុងមូលដ្ឋានទ័ពធំៗចំនួន ០២ ស្ថិតនៅក្នុងរដ្ឋធានីបាកដាដ។ សហរដ្ឋអាមេរិកបន្តរក្សាវត្តមានយោធារបស់ខ្លួន នៅក្នុងប្រទេសអ៉ីរ៉ាក់ដើម្បីប្រយុទ្ធឆាំងនឹងពួកភេរវករ ISIS ប៉ុន្តែអ្នកតាមជាច្រើនអះអាងថា អាមេរិកក៏កំពុងទប់ទល់ឥទ្ធិពលអ៉ីរ៉ង់ផងដែរ៕